តួនាទីនៃធនាគារជាតិនៃកម្ពុជាក្នុងប្រព័ន្ធទូទាត់

ប្រព័ន្ធទូទាត់សងប្រាក់គឺជា ហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុដ៏សំខាន់របស់ប្រទេសដែលដើរតួយ៉ាងសំខាន់ក្នុងការរួមចំណែកដើម្បីអភិវឌ្ឍសេដ្ឋកិច្ចដោយផ្តល់នូវមធ្យោបាយទូទាត់សងប្រាក់ដែលមានប្រសិទ្ធភាពក្នុងការទិញទំនិញ សេវា និងទ្រព្យសកម្មហិរញ្ញវត្ថុ ព្រមទាំងផ្តល់នូវមធ្យោបាយដែលមានសុវត្ថិភាពនិងប្រសិទ្ធភាព សម្រាប់អាជ្ញាធរ ប្រើប្រាស់ ដើម្បីគ្រប់គ្រងហានិភ័យជាប្រព័ន្ធនិងសម្រាប់ធនាគារកណ្តាលអនុវត្តគោលនយោបាយរូបិយវត្ថុ ។ ដើម្បីធានាឲ្យបាននូវសុវត្ថិភាពនិងប្រសិទ្ធភាពប្រតិបត្តិការនៅក្នុងប្រព័ន្ធទូទាត់សងប្រាក់ ធនាគារជាតិនៃកម្ពុជាអនុវត្ត ភារកិច្ចធំៗ ៣ ដូចជា៖

• ការផ្តល់សេវាធនាគារ

ធនាគារជាតិនៃកម្ពុជាផ្តល់សេវាធនាគារដល់រាជរដ្ឋាភិបាលនិងគ្រឹះស្ថានធនាគារនិងមីក្រូហិរញ្ញវត្ថុ បើកគណនីក្នុងនាមជាភ្នាក់ងាររដ្ឋ និងជាភ្នាក់ងាររបស់រាជរដ្ឋាភិបាល ជាពិសេស រតនាគារជាតិ ។ ធនាគារជាតិនៃកម្ពុជាក៏ជួយគ្រប់គ្រងបំណុលរាជរដ្ឋាភិបាល ឬអង្គភាពសាធារណៈ ដោយធ្វើប្រតិបត្តិការមូលបត្រ រួមទាំងការផ្តល់យោបល់លើការកំណត់ពេលនៃការចេញផ្សាយមូលបត្រ ។ លើសពីនេះ ធនាគារជាតិនៃកម្ពុជាក៏ទិញ-លក់និងទិញឡើងវិញនូវមូលបត្ររដ្ឋាភិបាលផងដែរ ។ ធនាគារជាតិនៃកម្ពុជាក៏លើកកម្ពស់ សេវាអន្តរធនាគារដូចជា ការធ្វើមជ្ឈការហានិភ័យ និងបំណុលដែលមិនបានទូទាត់សង ក៏ដូចជាការបង្កើតមជ្ឈមណ្ឌលផាត់ទាត់សម្រាប់ផាត់ទាត់និងទូទាត់សងប្រាក់អន្តរធនាគារប្រកបដោយប្រសិទ្ធភាពនិងឆាប់រហ័ស ។

• ប្រតិបត្តិការប្រព័ន្ធទូទាត់ជាតិ

ធនាគារជាតិនៃកម្ពុជា ដំណើរការប្រព័ន្ធទូទាត់សងប្រាក់ពាក់ព័ន្ធនឹងប្រតិបត្តិការផ្ទេរប្រាក់រវាងគ្រឹះស្ថាន ធនាគារនិងហិរញ្ញវត្ថុ ឬប្រតិបត្តិការរវាងធនាគារជាតិនៃកម្ពុជានិងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ផ្តល់នូវការទូទាត់ សុទ្ធចុងក្រោយលើកាតព្វកិច្ចដែលបានផាត់ទាត់តាមរយៈប្រព័ន្ធទូទាត់រាយ និងការដកនិងទទួលមូលនិធិផ្សេងៗ របស់រតនាគារជាតិ ។ មានតែស្ថាប័នរដ្ឋនិងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុប៉ុណ្ណោះដែលអាចបើកគណនីនៅធនាគារ ជាតិនៃកម្ពុជាបាន ។ ឯកត្តជន និងក្រុមហ៊ុនធុរកិច្ចមិនមែនហិរញ្ញវត្ថុឯកជនផ្សេងៗ មិនអាចប្រើប្រាស់មធ្យោបាយទូទាត់របស់ធនាគារជាតិនៃកម្ពុជាឡើយ ។ ក្រៅពីការកំណត់បើកគណនីឲ្យតែរាជរដ្ឋាភិបាលនិងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ធនាគារជាតិនៃកម្ពុជាពុំមានកំណត់លក្ខខ័ណ្ឌផ្សេងៗដើម្បី បើកគណនីនៅធនាគារជាតិនៃកម្ពុជាឡើយ ដូចជា ទំហំទ្រព្យសកម្មអប្បបរមា ឬចំនួននៃការទូទាត់ ជាដើម ។

ធនាគារពាណិជ្ជដែលមានអាជ្ញាប័ណ្ណទាំងអស់តម្រូវឲ្យបើកគណនីបីប្រភេទនៅធនាគារជាតិនៃកម្ពុជា រួមមាន គណនីចរន្ត គណនីប្រាក់បម្រុងកាតព្វកិច្ច និងគណនីប្រាក់តម្កល់ធានាលើដើមទុន ។ រាល់ប្រតិបត្តិការផ្សេងៗ ដូចជា ដាក់ប្រាក់ ដកប្រាក់ឬបង្វែរគឺត្រូវធ្វើឡើងតាមរយៈគណនីចរន្ត ។ ជាគោលការណ៍ ការប្រាក់មិនត្រូវបានផ្តល់ចំពោះសមតុល្យក្នុងគណនីចរន្តឡើយ ។ ចំពោះធនាគារពាណិជ្ជជាសមាជិករបស់សភាផាត់ទាត់ជាតិត្រូវមានគណនីដាច់ ដោយឡែកមួយផ្សេងទៀត សម្រាប់ប្រើប្រាស់ក្នុងដំណើរការទូទាត់ហៅថា គណនីទូទាត់ ។ លើសពីនេះ ធនាគារជាតិ នៃកម្ពុជាក៏ផ្តល់ឥណទានវិបារូបន៍ដល់ធនាគារជាសមាជិកសភាផាត់ទាត់ជាតិទាំងអស់ សម្រាប់ដោះស្រាយក្នុងករណី កង្វះខាតសន្ទនីយភាពសម្រាប់ការទូទាត់ជាបណ្តោះអាសន្ន ។

• ការគ្រប់គ្រងនិងត្រួតពិនិត្យប្រព័ន្ធទូទាត់

ធនាគារជាតិនៃកម្ពុជាមានការទទួលខុសត្រូវដែលកំណត់ដោយច្បាប់ ក្នុងការគ្រប់គ្រង និងត្រួតពិនិត្យប្រព័ន្ធ ទូទាត់សងប្រាក់ ។ ដើម្បីឲ្យប្រព័ន្ធទូទាត់សងប្រាក់ដំណើរការប្រកបដោយប្រសិទ្ធភាពនិងសុវត្ថិភាព ធនាគារជាតិនៃកម្ពុជាអាចចេញផ្សាយប្រកាស កំណត់ពីលក្ខខ័ណ្ឌសម្រាប់អ្នកផ្តល់សេវាទូទាត់សងប្រាក់ ព្រមទាំងផ្តល់អាជ្ញាប័ណ្ណនិងចុះបញ្ជីសម្រាប់គ្រឹះស្ថានផ្អែកលើលក្ខខ័ណ្ឌដែលបានកំណត់ ។

ក្នុងកិច្ចការងារអភិវឌ្ឍប្រព័ន្ធទូទាត់សងប្រាក់ ធនាគារជាតិនៃកម្ពុជាក៏បានសហការជាមួយដៃគូអភិវឌ្ឍអន្តរជាតិ និងភាគីពាក់ព័ន្ធក្នុងប្រទេស ជាពិសេសវិស័យធនាគារដែលតំណាងដោយសមាគមធនាគារកម្ពុជាហើយក្នុងគោលដៅ សម្រួលនូវទំនាក់ទំនងជាមួយធនាគារជាតិនៃកម្ពុជា សមាគមធនាគារកម្ពុជាក៏បានបង្កើតជាអនុគណៈកម្មការប្រព័ន្ធ ទូទាត់ ដែលមានតួនាទីអនុវត្តការងារទាក់ទងនឹងគោលនយោបាយ ការគ្រប់គ្រង និងប្រតិបត្តិការទូទាត់ផងដែរ ។