កាត

ប័ណ្ណទូទាត់ដែលប្រើប្រាស់ទូលំទូលាយនាពេលបច្ចុប្បន្នមានបួនប្រភេទគឺ ប័ណ្ណឥណទាន ប័ណ្ណឥណពន្ធ ប័ណ្ណម៉ាស៊ីនទូទាត់សងប្រាក់ដោយស្វ័យប្រវត្តិ និងប័ណ្ណបង់ប្រាក់ជាមុន ។

ប័ណ្ណឥណទាន: ជាប័ណ្ណមួយប្រភេទដែលផ្តល់សិទ្ធិឲ្យអ្នកកាន់ប័ណ្ណប្រើប្រាស់សម្រាប់ធ្វើការទូទាត់សងលើការទិញទំនិញនិងសេវា ដោយផ្អែកលើការសន្យាសងប្រាក់វិញរបស់អ្នកកាន់ប័ណ្ណលើការទិញទំនិញនិងសេវានេះ ។ អ្នកចេញប័ណ្ណផ្តល់នូវកម្រិតឥណទាន ដែលអនុញ្ញាតឱ្យអ្នកកាន់ប័ណ្ណ (អ្នកប្រើប្រាស់) ទិញទំនិញនិងសេវា ឬដកសាច់ប្រាក់សម្រាប់ប្រើប្រាស់ជាមុនរហូតដល់កម្រិតឥណទានដែលបានផ្តល់ឲ្យ ។ ធនាគារពាណិជ្ជជាច្រើនបានផ្តល់ទៅឱ្យអតិថិជនរបស់ពួកគេនូវប័ណ្ណឥណទានដោយមានការភ្ជាប់ជាមួយក្រុមហ៊ុន Visa និង Master ។

ប័ណ្ណឥណពន្ធ: ជាប័ណ្ណមួយប្រភេទដែលអាចធ្វើការទូទាត់ជំនួសឲ្យសាច់ប្រាក់ នៅពេលទិញទំនិញ ។ បើមើលតាមមុខងាររបស់វា ប័ណ្ណឥណពន្ធអាចត្រូវបានគេហៅថាជាមូលប្បទានបត្រអេឡិចត្រូនិក ដោយសារតែ សាច់ប្រាក់ត្រូវបានដកដោយផ្ទាល់ចេញពីគណនីរបស់អ្នកកាន់ប័ណ្ណតាមកម្រិតសមតុល្យដែលនៅសល់ ។ ប័ណ្ណឥណពន្ធក៏អាចឱ្យអ្នកកាន់ប័ណ្ណដកសាច់ប្រាក់ពីគណនីប្រាក់បញ្ញើរបស់ពួកគេតាមរយៈម៉ាស៊ីន ATM ដោយបំពេញមុខងារជាប័ណ្ណ ATM ។

ប័ណ្ណ ATM: ជាប័ណ្ណដែលអាចប្រើបាន ជាមួយម៉ាស៊ីន ATM សម្រាប់ធ្វើប្រតិបត្តិការ ដូចជា ការមើលសមតុល្យគណនី និងការដកប្រាក់ជាដើម ។ ប័ណ្ណនេះមានលក្ខណៈស្រដៀងគ្នាទៅនឹងប័ណ្ណឥណពន្ធដែរ ព្រោះថាប័ណ្ណនេះត្រូវបានភ្ជាប់ដោយផ្ទាល់ទៅគណនីធនាគារមួយ ប៉ុន្តែមិនអាចត្រូវបានប្រើសម្រាប់ទិញទំនិញបាននោះទេ ។

ប័ណ្ណបង់ប្រាក់ជាមុន: ជាប័ណ្ណមួយប្រភេទដែលប្រាក់ត្រូវបានបញ្ចូលតាមរយៈការដាក់ប្រាក់ក្នុងគណនីមួយដែលភ្ជាប់ ទៅនឹងប័ណ្ណនោះ ហើយចំនួនប្រាក់នោះអាចត្រូវបានចំណាយ នៅតាមហាងលក់ទំនិញដែលចូលរួមជាសមាជិក ។ នៅក្នុងករណីខ្លះ ប័ណ្ណនេះត្រូវបានរៀបចំឡើងសម្រាប់ប្រើតែនៅលើប្រព័ន្ធអ៊ីនធឺណែតប៉ុណ្ណោះ ដូច្នេះហើយវាអាចមិនមានរូបរាងជារូបវ័ន្តនោះទេ។ ជាធម្មតា ការប្រើប្រាស់ប័ណ្ណបង់ប្រាក់ជាមុនទាំងនេះរួមមាន ប័ណ្ណទូរស័ព្ទ ប័ណ្ណអំណោយ និងប័ណ្ណធ្វើដំណើរ ជាដើម។

ប្រតិបតិ្តការប័ណ្ណទូទាត់សងប្រាក់មានការកើនឡើងទាំងប្រតិបត្តិការជាប្រាក់រៀល និងជាប្រាក់ដុល្លារអាមេរិក ប៉ុន្តែចំនួនប្រតិបត្តិការជាប្រាក់ដុល្លារអាមេរិកមានរហូតដល់ជាង ៧០% ។ ចំណែកប្រតិបត្តិការដូចជាការដាក់ប្រាក់ និងការទូទាត់តាមរយៈ POS គឺអាចធ្វើបានតែជាប្រាក់ដុល្លារអាមេរិកប៉ុណ្ណោះ ។ ទោះបីជាចំនួននៃប័ណ្ណឥណទាន និងប័ណ្ណឥណពន្ធ ដែលអាចប្រើប្រាស់ជាមួយម៉ាស៊ីន POS កំពុងតែមានការកើនឡើងក៏ដោយ ក៏ប័ណ្ណទូទាត់ត្រូវ បានប្រើជាចម្បងសម្រាប់ការដកសាច់ប្រាក់ពីម៉ាស៊ីន ATM ជាជាងការទិញដោយប្រើម៉ាស៊ីន POS ។

នៅប្រទេសកម្ពុជា ម៉ាស៊ីន ATM និង ម៉ាស៊ីន POS អាចឲ្យអ្នកកាន់ប័ណ្ណប្រើប្រាស់សេវាដូចជា មើលសមតុល្យប្រាក់បញ្ញើ ដកសាច់ប្រាក់ និងទិញទំនិញ ។ បច្ចុប្បន្ននេះ នៅពុំទាន់មាន ប្រព័ន្ធ Shared Switch សម្រាប់ប័ណ្ណទូទាត់ជាអេឡិចត្រូនិកថ្នាក់ជាតិនៅឡើយទេ ។ ប៉ុន្តែយើងមាន ATM Switch អន្តរធនាគារមួយ ដែលហៅថា “Easy Cash” ។

Easy Cash ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ២០០៨ ដោយក្រុមហ៊ុន Visa ដោយមានធនាគារពាណិជ្ជមួយ ចំនួនជាសមាជិក ។ Easy Cash មិនមែនជាស្ថាប័នឯករាជ្យមួយនោះទេ ប៉ុន្តែវាមានរូបរាងដូចសហគមន៍មួយ ។ រហូតមកដល់ខែមិថុនា ឆ្នាំ២០១៤ Easy Cash មានសមាជិកជាធនាគារពាណិជ្ជចំនួន ៨ និងបានតភ្ជាប់ម៉ាស៊ីន ATM ចំនួន ២៨៥ ។ ធនាគារពាណិជ្ជដែលជាសមាជិកទាំងនោះរួមមាន៖

១. សាជីវកម្មធនាគារកាថេយូណៃធីតចំកាត់
២. ធនាគារកាណាឌីយ៉ា
៣. ធនាគារសហពាណិជ្ជ
៤. ធនាគារកម្ពុជាសាធារណៈ
៥. ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា
៦. ធនាគារកម្ពុជាអាស៊ី
៧. ធនាគារ ប៊ី អាយ ឌី ស៊ី
៨. ធនាគារវឌ្ឍនៈអាស៊ីចំកាត់

Easy Cash អនុញ្ញាតឲ្យអតិថិជនមើលសមតុល្យគណនី និងដកប្រាក់ជាអន្តរធនាគារ និងអាចធ្វើឡើង សម្រាប់តែប្រាក់ដុល្លារអាមេរិកប៉ុណ្ណោះ ។ សម្រាប់សេវាផ្សេងទៀតដូចជា ការដាក់ប្រាក់ ផ្ទេរប្រាក់ និងការទូទាត់ វិក័យបត្រមិនទាន់អាចប្រើបាននៅឡើយទេ ។ អតិថិជនដែលប្រើសេវា ដើម្បីពិនិត្យមើលសមតុល្យគណនីខ្លួន ឬដកសាច់ប្រាក់នៅតាមម៉ាស៊ីន ATM របស់ធនាគារដទៃទៀតត្រូវបង់កម្រៃ ០,៣ ដុល្លារអាមេរិក និង ០,៥ ដុល្លារអាមេរិកសម្រាប់ប្រតិបត្តិការនីមួយៗ ។

ម្យ៉ាងទៀត បណ្តាញម៉ាស៊ីន POS ជាអន្តរធនាគារក្នុងស្រុកនៅមិនទាន់មាននៅឡើយទេ ។ រាល់ប្រតិបត្តិការ ទូទាត់ជាប័ណ្ណនៅកម្ពុជាត្រូវបានដំណើរការតែនៅក្នុងប្រព័ន្ធរបស់ធនាគារចេញប័ណ្ណតែមួយ ឬ តាមរយៈបណ្តាញ អន្តរជាតិដូចជាក្រុមហ៊ុន Visa ។