ទិដ្ឋភាពទូទៅមូលបត្រអាចជួញដូរ
មូលបត្រអាចជួញដូរបានរបស់ធនាគារជាតិនៃកម្ពុជា(NCD)

A. សេចក្តីផ្តើមៈ

ទីផ្សារមូលបត្រនៅកម្ពុជាកំពុងស្ថិតក្នុងដំណាក់កាលដំបូងនៃការអភិវឌ្ឍ ដោយសារតែ (i) គ្មានឧបករណ៍អាចជួញដូរបាន ដូចជាមូលបត្ររដ្ឋាភិបាលដែលអាចបើកផ្លូវសម្រាប់ការអភិវឌ្ឍទីផ្សារអន្តរធនាគារ (ii) អវត្ដមានអ្នកកំណត់ទីផ្សារ និងបណ្តាញអន្តរការីយកម្មនានា និង (iii) គ្មានអត្រាការប្រាក់គោលសម្រាប់មូលដ្ឋានក្នុងការ កំណត់ថ្លៃមូលបត្រនាពេលបោះផ្សាយ។

ដោយសារហេតុផលខាងលើ ធនាគារជាតិនៃកម្ពុជា (NBC) បានបង្កើតគម្រោងការអភិវឌ្ឍទីផ្សារអន្តរធនាគារ ដោយបានចេញប្រកាសលេខ ធ.៥.០១០-១៨៣ ប្រ.ក ស្តីពីការចេញផ្សាយមូលបត្រអាចជួញដូរបានដោយធនាគារជាតិនៃកម្ពុជា ចុះថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១០។ គម្រោងអភិវឌ្ឍទីផ្សារអន្តរធនាគារមានបំណង:

a. បង្កើនការឲ្យខ្ចីអន្តរធនាគារប្រកបដោយសុវត្ថិភាព ។
b. បង្កើតឲ្យមានឧបករណ៍មានប្រសិទ្ធភាពបន្ថែម សម្រាប់អនុវត្តនយោបាយរូបិយវត្ថុ និងនយោបាយអត្រា ប្តូរប្រាក់ ។
c. បែងចែកឡើងវិញនូវប្រភពហិរញ្ញវត្ថុក្នុងចំណោមស្ថាប័នហិរញ្ញវត្ថុ ព្រមទាំងបង្កើននិងពង្រីកអន្តរការិយកម្មហិរញ្ញវត្ថុ ។
d. កាត់បន្ថយការផ្តេកផ្តួលរបស់ធនាគារលើប្រភពទុនអំពីអ្នកដាក់ប្រាក់បញ្ញើ ដើម្បីបំពេញតម្រូវការសន្ទនីយ ភាពបណ្តោះអាសន្នរយៈពេលខ្លីនិងមធ្យម ។
e. ឆ្លើយតបទៅនឹងតម្រូវការទីផ្សារហិរញ្ញវត្ថុក្នុងការ:
- វិនិយោគសន្ទនីយភាពដែលនៅសល់ទំនេររយៈពេលខ្លី។ ធនាគារភាគច្រើនមិនមានជម្រើសផ្សេងក្នុងការវិនិយោគសន្ទនីយភាពដែលលើសពីការប្រើប្រាស់របស់ខ្លួនឡើយ
- កាត់បន្ថយហានិភ័យពាក់ព័ន្ធនឹងការគ្រប់គ្រងសន្ទនីយភាព និងការផ្តល់ប្រាក់កម្ចីអន្តរធនាគារ។
បន្ទាប់បានរៀបចំអស់រយៈពេល ៣ ឆ្នាំមក NBC បានសម្រេចដាក់ឲ្យដំណើរការជាផ្លូវការនូវគម្រោងអភិវឌ្ឍន៍ ទីផ្សារអន្តរធនាគាររបស់ខ្លួននៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៣ ។

B. លក្ខណៈរបស់ NCD

មូលបត្រអាចជួញដូរបាន (NCD) គឺជាប័ណ្ណបំណុលរយៈពេលខ្លីមានការប្រាក់ ដែលចេញដោយធនាគារជាតិនៃកម្ពុជា។ មូលបត្រនេះត្រូវបានចេញផ្សាយជាប្រាក់រៀល (KHR) និងប្រាក់ដុល្លារអាមេរិក (USD) ដើម្បីជួយ ដល់បណ្តាគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុវិនិយោគនូវសន្ទនីយភាពរយៈពេលខ្លីរបស់ខ្លួន។ តម្លៃនាមចារឹកអប្បបរមា គឺ ៥០.០០០ ដុល្លារអាមេរិក ឬ ២០០.០០០.០០០ រៀល ។ កាលវសាននៃ KHR-NCD មានចាប់ពី ២ សប្តាហ៍ ដល់ ១ឆ្នាំ ចំណែកឯ USD-NCD វិញ មានកាលវសានចាប់ពី ២ សប្តាហ៍ ដល់ ៦ខែ។ អត្រាការប្រាក់របស់ NCD ត្រូវបានកំណត់ដោយធនាគារជាតិនៃកម្ពុជា ហើយប្រែប្រួលជារៀងរាល់ថ្ងៃទៅតាមលក្ខខណ្ឌទីផ្សារ។

C. គុណសម្បត្តិនៃ NCD:

គុណសម្បត្តិនៃការកាន់កាប់ NCD រួមមាន៖

1. គ្មានហានិភ័យ: ដោយសារតែ NCD បានគាំទ្រដោយប្រកាសស្តីពីការចេញផ្សាយមូលបត្រអាចជួញ ដូរបានដោយធនាគារជាតិនៃកម្ពុជា និងចេញដោយ NBC ដូច្នេះឧបករណ៍នេះគ្មានហានិភ័យឥណទានឡើយ។

2. ទទួលបានការប្រាក់: NCD គឺជាឧបករណ៍អាចជួញដូរបានដែលមានការប្រាក់ ដូច្នេះគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលបានប្រើប្រាក់បម្រុងសល់ទំនេររបស់ខ្លួនជាវ NCD អាចនឹងទទួលបានការប្រាក់ ដែលនឹងត្រូវបានទូទាត់សងនាកាលវសានទៅក្នុងគណនីចរន្តរបស់ម្ចាស់មូលបត្រដែលបានបើកនៅNBC។ អត្រាការប្រាក់របស់ NCD ខ្ពស់ជាងអត្រាការប្រាក់របស់ប្រាក់បញ្ញើមានកាលកំណត់។ រូបមន្តសម្រាប់ គណនាការប្រាក់ NCD មានដូចខាងក្រោម:

I = Prt
ដោយ:
- I គឺជាការប្រាក់
- P គឺជាចំនួនប្រាក់ដើម
- r គឺជាអត្រាការប្រាក់ប្រចាំឆ្នាំ ជាភាគរយដោយចែកជាមួយចំនួនថ្ងៃពិតប្រាកដក្នុងឆ្នាំនីមួយៗ
- t អាយុកាល NCD

3. អាចប្តូរសាច់ប្រាក់បានរហ័ស: NCD គឺជាឧបករណ៍បំណុលរយៈពេលខ្លី គ្មានហានិភ័យ និងចេញផ្សាយ ដោយ NBC ដូច្នេះ NCD អាចត្រូវបានជួញដូរនៅក្នុងទីផ្សារទីពីរដែលមានកម្រិតសន្ទនីយភាពខ្ពស់។ លើសពីនេះទៀត ស្ថិតក្នុងដំណាក់កាលបណ្តោះអាសន្ន ធនាគារជាតិនៃកម្ពុជា នឹងទទួលទិញត្រឡប់វិញមុនកាលវសានតាមថ្លៃអប្បហារ ប្រសិនបើម្ចាស់ NCD មានការលំបាកក្នុងការស្វែងរកសមភាគី។ រូបមន្តសម្រាប់ គណនាការទិញ NCD ត្រឡប់វិញមានដូចខាងក្រោម:



4. អាចប្តូរកម្មសិទ្ធិៈ ម្ចាស់ NCD អាចផ្ទេរ NCD ទៅឱ្យភាគីណាមួយនៅ ពេលណាមួយក៏បាននៅក្នុងទីផ្សារអន្តរធនាគារ។ NBC នឹងផ្ទេរកម្មសិទ្ធិភាពជូន នៅពេលណាបានទទួលការជូនដំណឹងពីអ្នកទិញ និងអ្នកលក់ ។

5. អាចធ្វើជាវត្ថុធានា: NCD អាចត្រូវបានប្រើជាវត្ថុធានាសម្រាប់ប្រតិបត្តិការឥណទាន ពីធនាគារជាតិនៃ កម្ពុជា និងនៅក្នុងទីផ្សារអន្តរធនាគារ។

C. គុណវិបត្តិនៃ NCD:

គុណវិបត្តិមួយចំនួនមានដូចជា៖

1. វិនិយោគិនមិនអាចវិនិយោគមូលនិធិរបស់ខ្លួន តាមកាលវសានដែលគេចង់បានឡើយ ព្រោះកាលវសាន នេះត្រូវបានកំណត់ជាមុនដោយធនាគារជាតិនៃកម្ពុជា ។
2. អត្រាការប្រាក់ NCD មានកម្រិតថេរ ដូច្នេះវិនិយោគិនមិនអាចទទួលបានការប្រាក់ខ្ពស់ឡើយ ប្រសិនបើ អត្រាការប្រាក់កើនឡើង ក្នុងអំឡុងពេលវិនិយោគនេះ។
3. រាល់សំណើសុំការលក់ NCD ឲ្យ NBC វិញ គឺអាស្រ័យលើការសំរេចចិត្តរបស់ NBC។ NBC លើកទឹកចិត្តឱ្យវិនិយោគិនទាំងអស់ លក់ NCD នៅក្នុងទីផ្សារអន្តរធនាគារ ។
4. តម្លៃ NCD ដែលធនាគារជាតិនៃកម្ពុជានឹងត្រូវទិញត្រឡប់វិញ គឺអាស្រ័យទៅនឹងរយៈពេលកាន់កាប់ និងអត្រាអប្បហាររបស់ NBC ។
5. ក្នុងអំឡុងពេលនៃការវិនិយោគ វិនិយោគិនអាចប្រឈមមុខនឹងហានិភ័យនៃអត្រាការប្រាក់ ដោយសារតែ ការប្រែប្រួលអត្រាទីផ្សារ។