ព័ត៌មាន
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា អញ្ជើញជាវាគ្មិនកិត្តិយសថ្លែងសុន្ទរកថាគន្លឹះ ស្តីពី “រូបិយប័ណ្ណឌីជីថល និងការធ្វើរៀលូបនីយកម្មនៅកម្ពុជាឡើងវិញ” នៅក្នុងសិក្ខាសាលាស្តីពី “ការប្រើប្រាស់ប្រាក់រៀល៖ ផែនទីឆ្ពោះទៅកាន់ការធ្វើរៀលូបនីយកម្មឡើងវិញ
១៧ មិថុនា ២០២៤

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញជាវាគ្មិនកិត្តិយសថ្លែងសុន្ទរកថាគន្លឹះ ស្តីពី “រូបិយប័ណ្ណឌីជីថល និងការធ្វើរៀលូបនីយកម្មនៅកម្ពុជាឡើងវិញ” នៅក្នុងសិក្ខាសាលាស្តីពី “ការប្រើប្រាស់ប្រាក់រៀល៖ ផែនទីឆ្ពោះទៅកាន់ការធ្វើរៀលូបនីយកម្មឡើងវិញ  (The Riel Deal: A Roadmap for Re-rielization) នារសៀលថ្ងៃចន្ទ ទី១៧ ខែមិថុនា ឆ្នាំ២០២៤។ សិក្ខាសាលានេះ ត្រូវបានសហការរៀបចំឡើងដោយស្ថានទូតបារាំងនៅកម្ពុជា, សាកលវិទ្យាល័យ Grenoble Alpes នៅប្រទេសបារាំង និងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) ដោយមានការចូលរួមដោយផ្ទាល់និងតាមរយ:ប្រព័ន្ធអនឡាញ ពីសំណាក់អ្នកស្រាវជ្រាវ សាស្រ្តាចារ្យ និស្សិត និងតំណាងក្រសួង-ស្ថាប័នរដ្ឋនិងឯកជន  សរុបប្រមាណ ៦០នាក់។ សិក្ខាសាលានេះក៏មានការចូលរួមជាកិត្តិយសពី ឯកឧត្តមបណ្ឌិត សាន វឌ្ឍនា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និង កីឡា, ឯកឧត្តមបណ្ឌិត លុយ ចាន់ណា សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងលោកស្រីបណ្ឌិត Thi-Anh-Dao TRAN តំណាងស្ថានទូតបារាំងនៅកម្ពុជា ផងដែរ។
តាមរយៈសុន្ទរកថាគន្លឹះ លោកជំទាវទេសាភិបាល បានលើកឡើងពីប្រវត្តិរូបិយវត្ថុចាប់តាំងពីអាណាចក្រហ្វូណន រហូតដល់សម័យកាលនៃការកកើតប្រាក់រៀលនិងប្រវត្តិប្រាក់រៀល ព្រមទាំងការអភិវឌ្ឍប្រព័ន្ធធនាគារនៅកម្ពុជា។ លើសពីនេះ លោកជំទាវបណ្ឌិតក៏បានបង្ហាញពីដំណើរវិវត្តប្រកបដោយស្ថិរភាពនៃអត្រាប្តូរប្រាក់រៀល ការដាក់ឱ្យដំណើរការស្តង់ដារខេអេចឃ្យូអរ ការតភ្ជាប់ការទូទាត់ឆ្លងដែនជាមួយបណ្តាប្រទេសផ្សេងៗនៅក្នុងតំបន់និងពិភពលោក និងដំណើរវិវឌ្ឍន៍នៃប្រតិបត្តិការតាមប្រព័ន្ធបាគង។
គួររំលេចថាសិក្ខាសាលានេះគឺជាផ្នែកមួយនៃគម្រោងស្រាវជ្រាវដែលសហការរួមគ្នារវាងសាកលវិទ្យាល័យ Grenoble Alpes សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងធនាគារជាតិនៃកម្ពុជា ដែលផ្តោតចម្បងទៅលើការវិភាគអំពីស្ថានភាពដុល្លារូបនីយកម្មនៅកម្ពុជា និងការទាញយកប្រយោជន៍ពីឌីជីថលូបនីយកម្ម ដើម្បីលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល និងបរិយាបន្នហិរញ្ញវត្ថុ។