ព័ត៌មាន
គណៈប្រតិភូនៃធនាគារកណ្តាលកូរ៉េ បានមកបំពេញទស្សនកិច្ចនៅកម្ពុជា ក្រោមកម្មវិធី “ភាពជាដៃគូនៃការចែករំលែកចំណេះដឹងរបស់ធនាគារកណ្តាលកូរ៉េឆ្នាំ២០២៣ (2023 BOK-KPP)"
០៦ កក្កដា ២០២៣

កាលពីថ្ងៃព្រហស្បតិ៍និងសុក្រ ៤-៥រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៦-៧ ខែកក្កដា ឆ្នាំ២០២៣ គណៈប្រតិភូនៃធនាគារកណ្តាលកូរ៉េ ដែលដឹកដោយលោកស្រី Yeonsuk Park បានមកបំពេញទស្សនកិច្ចនៅកម្ពុជា ក្រោមកម្មវិធី “ភាពជាដៃគូនៃការចែករំលែកចំណេះដឹងរបស់ធនាគារកណ្តាលកូរ៉េឆ្នាំ២០២៣ (2023 BOK-KPP) "។ គោលបំណងនៃដំណើរទស្សនកិច្ចនេះគឺដើម្បីពិភាក្សាលើការស្រាវជ្រាវរួមគ្នាលើប្រធានបទស្តីពី “ការទំនាក់ទំនងនិងផ្សព្វផ្សាយសាធារណៈរបស់ធនាគារកណ្តាល" ដែលនឹងត្រូវធ្វើការសិក្សារួមគ្នាដោយអ្នកស្រាវជ្រាវមកពីធនាគារជាតិនៃកម្ពុជា និងសកលវិទ្យាល័យហានយ៉ាង ក្រោមកម្មវិធី BOK-KPP។

ក្នុងអំឡុងពេលនៃទស្សនកិច្ចនេះ ក្រុមបេសកកម្មបានចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា ដើម្បីជម្រាបជូនពីវឌ្ឍនភាពនៃការស្រាវជ្រាវខាងលើ ក៏ដូចជាស្វែងយល់បន្ថែមពីស្ថានភាពសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៅកម្ពុជា។ នាឱកាសនោះ លោកជំទាវបានថ្លែងអំណរគុណដល់ធនាគារកណ្តាលកូរ៉េ ដែលផ្តល់កិច្ចសហប្រតិបត្តិការក្នុងរយៈពេលជាង១០ឆ្នាំកន្លងមក តាមរយៈការផ្តល់ជំនួយបច្ចេកទេស ការអភិវឌ្ឍសមត្ថភាពបុគ្គលិក នឹងបានជម្រាបជូនពីការវិវត្តនៃសេដ្ឋកិច្ចនិងរូបិយវត្ថុកម្ពុជា ចាប់តាំងពីការកកើតអាណាចក្រខ្មែររហូតមកដល់បច្ចុប្បន្ន ព្រមទាំងបានអញ្ជើញគណៈប្រតិភូ ទស្សនាសារមន្ទីរព្រះស្រីឦសានវរ្ម័ន។

ជាមួយគ្នានេះដែរ  ក្នុងឱកាសនៃការសហការរៀបចំសិក្ខាសាលា BOK-KPP ឆ្នាំ២០២៣ ក្រោមប្រធានបទខាងលើ លោក គីមទី កោមលី អគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា បានស្វាគមន៍គណៈប្រតិភូ និងជម្រាបជូនពីសារៈសំខាន់នៃការស្រាវជ្រាវប្រធានបទខាងលើ និងបានលើកទឹកចិត្តក្រុមការងារស្រាវជ្រាវ ធនាគារជាតិនៃកម្ពុជា និងសាកលវិទ្យាល័យហានយ៉ាង ខិតខំបញ្ចប់ការងារស្រាវជ្រាវតាមកាលកំណត់ដើម្បីផ្តល់ជាធាតុចូលដល់ការរៀបចំយុទ្ធសាស្រ្តពង្រឹងទំនាក់ទំនងរបស់ធនាគារជាតិនៃកម្ពុជា ជាមួយសាធារណជន សំដៅលើកកម្ពស់កិត្តិនាម ការជឿទុកចិត្ត និងតម្លាភាពរបស់ធនាគារកណ្តាល។ ស្របពេលជាមួយគ្នា នេះ ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលកូរ៉េបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគីស្តីពីការស្រាវជ្រាវរួមគ្នានេះផងដែរ។ ធនាគារកណ្តាលកូរ៉គ្រោងអញ្ជើញក្រុមស្រាវជ្រាវនៃធនាគារជាតិនៃកម្ពុជាចូលរួម
សិក្ខាសាលានិងវគ្គបណ្តុះបណ្តាល (Interim Seminar and Capacity-building Program) នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េ ក្នុងអំឡុងខែកញ្ញា ហើយគ្រោងរៀបចំសិក្ខាសាលាបញ្ចប់នៅកម្ពុជា ដើម្បីពិនិត្យលទ្ធផលនៃការស្រាវជ្រាវ ក្នុងអំឡុងខែធ្នូ។