ព័ត៌មាន
កិច្ចប្រជុំ​ទ្វេភាគី​រវាង​ធនាគារជាតិ​នៃ​កម្ពុជា​ និង​ធនាគារកណ្តាល​ម៉ា​ឡេ​ស៊ី​
០៣ កុម្ភៈ ២០១៨

នៅថ្ងៃសុក្រ ២រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ​២០​១​៨ ធនាគារជាតិនៃកម្ពុជាបានរៀបចំកិច្ចប្រជុំទ្វេភាគីរវាងធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលម៉ាឡេស៊ី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា និង ឯកឧត្តម Muhammad bin Ibrahim ទេសាភិបាលធនាគារកណ្តាលម៉ាឡេស៊ី ដែលប្រព្រឹត្តទៅនៅខេត្តសៀមរាប។
កិច្ចប្រជុំទ្វេភាគីនេះ ត្រូវបានប្រារព្វឡើងក្នុងគោលបំណងពង្រឹងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងធនាគារកណ្តាលទាំងពីរ។ កាលពីឆ្នាំ២០១០ កន្លងទៅ ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលម៉ាឡេស៊ីបានចុះកិច្ចព្រមព្រៀគ្នាលើអនុស្សារណៈយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការបច្ចេកទេសទៅលើ ការត្រួតពិនិត្យធនាគារ ប្រព័ន្ធទូទាត់និងផាត់ទាត់ គោលនយោបាយរូបិយវត្ថុ និងការវិភាគម៉ាក្រូសេដ្ឋកិច្ច។ ក្នុងកិច្ចប្រជុំនោះ គណៈប្រតិភូទាំងពីរភាគី បានពិភាក្សានិងផ្លាស់ប្តូរយោបល់និងព័ត៌មានអំពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការដែលសម្រេចបាន​មកទល់បច្ចុប្បន្ន ស្ថានភាពម៉ាក្រូសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៃប្រទេសទាំងពីរ បច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) និងអភិបាលកិច្ចនិងរចនាសម្ព័ន្ធរបស់ធនាគារកណ្តាលទាំងពីរ។
មកទល់បច្ចុប្បន្ននេះ កិច្ចសហប្រតិបត្តិការប្រកបដោយភាពល្អប្រសើររវាងធនាគារកណ្តាល​ទាំងពីរបានរួមចំណែកជំរុញដល់ការរីកចម្រើននៃវិស័យធនាគារក្នុងប្រទេសទាំងពីរ។ ធនាគារកណ្តាលម៉ាឡេស៊ី បានចូលរួមក្នុងការអភិវឌ្ឍធនធានមនុស្សរបស់ធនាគារជាតិកម្ពុជាតាមរយៈ​ការផ្តល់នូវវគ្គបណ្តុះបណ្តាលនានា ក៏ដូចជាការចុះទស្សនកិច្ចសិក្សាផ្ទាល់ទៅធនាគារកណ្តាលម៉ាឡេស៊ីផងដែរ។ ទន្ទឹមនេះ ធនាគារជាតិនៃកម្ពុជានិងធនាគារកណ្តាលម៉ាឡេស៊ីក៏បានរួមគ្នាបង្កើត Supervisory College ដើម្បីពង្រឹងប្រសិទ្ធភាពនៃការត្រួតពិនិត្យធនាគារឆ្លងប្រទេសទាំងពីរ។
ដោយបច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) បាននិងកំពុងរីចម្រើនយ៉ាងឆាប់រហ័សក្នុងវិស័យហិរញ្ញវត្ថុ ធនាគារកណ្តាលទាំងពីរបានបន្តប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍនិងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុ ដើម្បីធ្វើទំនើបកម្ម បង្កើនប្រសិទ្ធភាព និងសក្ត័សិទ្ធភាពនៃវិស័យហិរញ្ញវត្ថុ របស់ប្រទេសទាំងពីរ ជាពិសេសលើការប្រើប្រាស់បច្ចេកវិទ្យាដើម្បីជំរុញបរិយាប័ន្នហិរញ្ញវត្ថុ។ លើសពីនេះ ធនាគារកណ្តាលទាំងពីរក៏បានប្តេជ្ញាក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែម ទៅលើ ការត្រួតពិនិត្យធនាគារ និងការសិក្សាស្រាវជ្រាវ ។ល។ ដើម្បីអភិវឌ្ឍនិងធ្វើទំនើបកម្មវិស័យធនាគារសំដៅរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចនៃប្រទេសទាំងពីរប្រកបដោយចីរភាព។