សេវាទូទាត់រហ័ស
អំពី “សេវាទូទាត់រហ័ស”

១.អ្វីជាសេវាទូទាត់រហ័ស ?
សេវាទូទាត់រហ័សជាសេវាផ្ទេរប្រាក់ និងទូទាត់សងប្រាក់ជាប្រាក់រៀលឆ្លងគ្រឹះស្ថានដែលអាច អោយអតិថិជនទទួលបានមូលនិធិភ្លាមៗ ។

២. តើអតិថិជនអាចធ្វើប្រតិបត្តិការអ្វីខ្លះតាមរយៈ “សេវាទូទាត់រហ័ស” ?
អតិថិជនអាចធ្វើប្រតិបត្តិការផ្ទេរប្រាក់ជូនបងប្អូនឬមិត្តភក្តិ និងទូទាត់សងប្រាក់លើការទិញ ទំនិញ និងសេវាកម្មផ្សេងៗ ក្នុងព្រះរាជាណាចក្រកម្ពុជា ។

៣. ដើម្បីប្រើសេវានេះ អតិថិជនត្រូវធ្វើដូចម្តេច?
ដើម្បីអាចប្រើប្រាស់សេវានេះបាន អតិថិជនគ្រាន់តែ ទៅគ្រឹះស្ថានធនាគារពាណិជ្ជ ឬមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើដែលជាសមាជិក ឬសាខាគ្រឹះស្ថានទាំងនោះដែលមានទីតាំងជិតលោកអ្នក នៅទូទាំងខេត្ត-ក្រុង ក្នុងព្រះរាជាណាចក្រកម្ពុជា ហើយផ្តល់ព័ត៌មានផ្សេងៗ ពាក់ព័ន្ធនឹងប្រតិបត្តិការរបស់ខ្លួនដល់មន្រ្តីផ្តល់សេវា និងធ្វើតាមការណែនាំរបស់មន្រ្តីទាំងនោះជាការស្រេច ។

៤. តើអតិថិជនអាចប្រើប្រាស់សេវាទូទាត់រហ័សនៅតាមគ្រឹះស្ថានណាខ្លះ?
បច្ចុប្បន្ន អតិថិជនអាចប្រើប្រាស់សេវានេះនៅតាមការិយាល័យ ឬសាខារបស់គ្រឹះស្ថានទាំង ១៣ ដែលជាសមាជិក រួមមាន ធនាគារ អេស៊ីលីដា កម្ពុជាសាធារណៈ កាណាឌីយ៉ា វឌ្ឍនអាស៊ី (អេប៊ីអេ) វិនិយោគនិងអភិវឌ្ឍកម្ពុជា (ប៊ីអាយឌីស៊ី) ហ្វីលីព ស្ថាបនា និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាកបញ្ញើ អង្គរមីក្រូហិរញ្ញវត្ថុ (អេអឹមខេ) វីសិនហ្វាន់ ប្រាសាក់ អម្រឹត ក្រេឌីត និងហត្ថាកសិករ ។ ឆាប់ៗនេះ អតិថិជនអាចប្រើប្រាស់សេវានេះនៅតាម ការិយាល័យ ឬសាខារបស់គ្រប់គ្រឹះស្ថានធនាគារពាណិជ្ជ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើដទៃទៀតដែលកំពុងដាក់ពាក្យចូលជាសមាជិកសេវាទូទាត់រហ័ស ។

៥. តើអតិថិជនអាចប្រើប្រាស់សេវានេះតាមច្រកផ្តល់សេវា (Channel) ណាខ្លះ ?
ក្នុងដំណាក់កាលដំបូង អតិថិជនអាចប្រើប្រាស់សេវានេះនៅតាមបញ្ជរផ្តល់សេវាដែលមាននៅ តាមការិយាល័យ ឬសាខារបស់គ្រឹះស្ថាន សមាជិក នៅទូទាំងខេត្ត-ក្រុង ក្នុងព្រះរាជាណាចក្រ កម្ពុជា ។ នៅដំណាក់កាលបន្ទាប់ សេវានេះនឹងអាចឱ្យអតិថិជន ចូលប្រើប្រាស់ បានតាមច្រក ផ្តល់សេវាផ្សេងៗទៀតដែលរួមមាន ទូរស័ព្ទដៃ និងកុំព្យូទ័រ ។ល។ តាមការផ្តល់ជូនរបស់ គ្រឹះស្ថានសមាជិក ។

៦. តើអតិថិជនចាំបាច់ត្រូវមានគណនី ដែរឬទេ ?
អ្នកផ្ទេរប្រាក់ ឬអ្នកផ្តើមប្រតិបត្តិការអាចត្រូវមានគណនី ឬមិនមាន (walk in) អាស្រ័យទៅតាម ការតម្រូវរបស់គ្រឹះស្ថានសមាជិកនីមួយៗ ប៉ុន្តែអ្នកទទួលមូលនិធិឬអ្នកទទួលផលចាំបាច់ត្រូវ មានគណនីប្រាក់រៀលនៅតាមគ្រឹះស្ថានណាមួយក្នុងចំណោមគ្រឹះស្ថានសមាជិក ដើម្បីទទួល បានមូលនិធិពីអ្នកផ្ទេរប្រាក់ ។

៧. តើអតិថិជននឹងត្រូវបានគេគិតកម្រៃ ប៉ុន្មាន ចំពោះការប្រើប្រាស់សេវាទូទាត់រហ័ស ?
អ្នកផ្ទេរប្រាក់ ឬផ្តើមប្រតិបត្តិការត្រូវបង់កម្រៃសេវាអាស្រ័យទៅតាមចំនួនទឹកប្រាក់ធ្វើ ប្រតិបត្តិការ ដូចខាងក្រោម ៖
- ទាបជាង ឬស្មើ ៤ លាន កម្រៃ ៤,០០០ រៀល
- ច្រើនជាង ៤លានរៀល ដល់ទាបជាង ឬស្មើ២០លានរៀល កម្រៃសេវា ៨,០០០ រៀល
- ច្រើនជាង ២០លានរៀល ដល់៤០លានរៀល កម្រៃសេវា ១២,០០០ រៀល

៨. តើអតិថិជនអាចធ្វើប្រតិបត្តិការក្នុងចំនួនទឹកប្រាក់អតិបរមាប៉ុន្មាន ក្នុងមួយប្រតិបត្តិការ ?
ក្នុងមួយប្រតិបត្តិការ អតិថិជនអាចធ្វើប្រតិបត្តិការក្នុងចំនួនទឹកប្រាក់ ៤០ លានរៀល ។

៩. តើការប្រើប្រាស់សេវាទូទាត់រហ័សផ្តល់អត្ថប្រយោជន៍អ្វីខ្លះ ?
ការប្រើប្រាស់សេវាទូទាត់រហ័ស ផ្តល់ភាពងាយស្រួល រហ័ស មានប្រសិទ្ធភាពខ្ពស់ និងអាច ជឿទុកចិត្តបាន ជាពិសេស អាចឱ្យអតិថិជន ទទួលបានមូលនិធិភ្លាមៗ ដែលអាចអោយពួកគេ យកមូលនិធិ ទាំងនោះទៅប្រើប្រាស់បានតាមតម្រូវការទាន់ពេលវេលា ។