១៨ ឧសភា ២០២៦
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញចូលរួមក្នុងកម្មវិធីបើកវេទិកាហិរញ្ញវត្ថុសកល Tsinghua PBCSF ដែលរៀបចំឡើងដោយសាកលវិទ្យាល័យ Tsinghua ដែលជាគ្រឹះស្ថានឧត្តមសិក្សាដ៏ល្បីមួយលំដាប់ពិភពលោក នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ នៅទីក្រុងឆឹងទូ នៃសាធារណរដ្ឋប្រជាមានិតចិន។
វេទិកានេះត្រូវបានរៀបចំជាប្រចាំឆ្នាំក្នុងគោលបំណងប្រមូលផ្តុំថ្នាក់ដឹកនាំជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុ អ្នករៀបចំគោលនយោបាយហិរញ្ញវត្ថុសកល និងអ្នកស្រាវជ្រាវដើម្បីពិភាក្សាពីវឌ្ឍនភាពនៃស្ថានភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុសំខាន់ៗដែលកំពុងកើតមាន។ វេទិកានៅឆ្នាំនេះមានការអញ្ជើញចូលរួមពីឥស្សរជនជាថ្នាក់ដឹកនាំជាច្រើនដូចជា នាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសាភិបាល រដ្ឋមន្ត្រី ម្ចាស់ពានរង្វាន់ណូបែល ព្រឹទ្ធបុរស និងសាស្ត្រាចារ្យមកពីសាកលវិទ្យាល័យល្បីៗជាច្រើន។
ក្នុងឱកាសនោះដែរ លោកជំទាវទេសាភិបាលក៏បានចូលរួមកិច្ចប្រជុំស្តីពី “រូបិយប័ណ្ណឌីជីថល និងការទូទាត់ឆ្លងដែន” ដែលបានពិភាក្សាអំពីកាលានុវត្តភាព និងបញ្ហាប្រឈមនានា។ បន្ថែមលើនេះ លោកជំទាវក៏បានចែករំលែកបទពិសោធន៍របស់កម្ពុជាក្នុងការអភិវឌ្ឍប្រព័ន្ធទូទាត់ឌីជីថល និងទិសដៅអនាគតសម្រាប់ការតភ្ជាប់ការទូទាត់ឆ្លងដែនផងដែរ។


