ព័ត៌មាន
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានទទួលជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូ នៃក្រសួងរតនាគារសហរដ្ឋអាមេរិក ដឹកនាំដោយលោកស្រី Maida Furnia នាយិកាការិយាល័យប្រយុទ្ធប្រឆាំងហិរញ្ញប្បទានភេរវកម្ម និងឧក្រិដ្ឋកម្មហិរញ្ញវត្ថុ ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក
២៨ មេសា ២០២៦

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានទទួលជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូ នៃក្រសួងរតនាគារសហរដ្ឋអាមេរិក ដឹកនាំដោយលោកស្រី Maida Furnia នាយិកាការិយាល័យប្រយុទ្ធប្រឆាំងហិរញ្ញប្បទានភេរវកម្ម និងឧក្រិដ្ឋកម្មហិរញ្ញវត្ថុ ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក អមដោយមន្រ្តីស្ថានទូតសហរដ្ឋអាមេរិកនៅកម្ពុជា នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ នៅធនាគារជាតិនៃកម្ពុជា អគារវត្តភ្នំ។

កិច្ចពិភាក្សានេះបានលើកឡើងពីសារៈសំខាន់នៃកិច្ចសហការអន្តរជាតិ ក្នុងការដោះស្រាយហានិភ័យថ្មីៗ រួមទាំងឧក្រិដ្ឋកម្មហិរញ្ញវត្ថុឆ្លងដែន។ លោកស្រី Maida Furnia បានលើកឡើងពីតួនាទីសំខាន់របស់ធនាគារកណ្ដាល និងអាជ្ញាធរពាក់ព័ន្ធ ក្នុងការត្រួតពិនិត្យ និងការពារសុចរិតភាពនៃប្រព័ន្ធហិរញ្ញវត្ថុ។

នាឱកាសនោះ លោកជំទាវទេសាភិបាល បានមានប្រសាសន៍ពីអាទិភាពនៃការផ្ទៀងផ្ទាត់អត្តសញ្ញាណអតិថិជន (KYC) ការអភិវឌ្ឍហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ និងការសហការជាមួយដៃគូអន្តរជាតិ ដើម្បីបន្តរក្សាស្ថិរភាពហិរញ្ញវត្ថុ និងលើកកម្ពស់ទំនុកចិត្តសាធារណៈ។

ជារួម ភាគីទាំងពីរបានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហការចែករំលែកព័ត៌មាន និងកិច្ចសហការនានាឱ្យកាន់តែរឹងមាំថែមទៀត។