ព័ត៌មាន
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារស្តីពីការអភិវឌ្ឍកម្មវិធីទូរស័ព្ទ បាគងសម្រាប់ទេសចរ (Bakong Tourists App) ជាមួយក្រុមធុរជនក្នុងវិស័យទេសចរណ៍ និងតំណាងមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធ
២៤ កក្កដា ២០២៤

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារស្តីពីការអភិវឌ្ឍកម្មវិធីទូរស័ព្ទ បាគងសម្រាប់ទេសចរ (Bakong Tourists App) ជាមួយក្រុមធុរជនក្នុងវិស័យទេសចរណ៍ និងតំណាងមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធ នារសៀលថ្ងៃពុធ ទី២៤ ខែកក្កដា ឆ្នាំ២០២៤ នៅធនាគារជាតិនៃកម្ពុជា អគារវត្តភ្នំ។ 

 

កិច្ចប្រជុំនេះមានគោលបំណងប្រមូលធាតុចូល និងស្វែងរកកិច្ចសហការដើម្បីអភិវឌ្ឍន៍កម្មវិធីទូរស័ព្ទបាគងសម្រាប់ទេសចរ សំដៅរួមចំណែកជំរុញវិស័យទេសចរណ៍នៅកម្ពុជា តាមរយៈការជួយសម្រួលឱ្យភ្ញៀវអន្តរជាតិអាចធ្វើប្រតិបត្តិការទូទាត់ឌីជីថលបានកាន់តែងាយស្រួល។ 

 

លោកជំទាវទេសាភិបាល បានលើកឡើងពីអត្ថប្រយោជន៍នៃ កម្មវិធីទូរស័ព្ទបាគងសម្រាប់ទេសចរ ដោយរំពឹងថានឹងក្លាយជាផលិតផលទេសចរថ្មីមួយទៀតដើម្បីបង្កើនភាពទាក់ទាញដល់ភ្ញៀវអន្តរជាតិមកទស្សនាកម្ពុជា បន្ថែមពីផលិតផលទេសចរវប្បធម៌ ប្រពៃណី ប្រវត្តិសាស្ត្រ និងធម្មជាតិ ដែលមានស្រាប់។ លោកជំទាវបន្ថែមថា កម្មវិធីថ្មីនេះក៏នឹងជួយលើកកម្ពស់កិត្យានុភាពជាតិមួយកម្រិតទៀតផងដែរ តាមរយៈការផ្តល់ឱ្យភ្ញៀវអន្តរជាតិនូវបទពិសោធន៍នៃការទូទាត់តាមឌីជីថលថ្មី ទំនើប និងជឿនលឿន។ 

 

អង្គប្រជុំបានសាទរ និងកោតសសើរចំពោះគំនិតផ្តួចផ្តើមដ៏ល្អនេះ ព្រមទាំងបញ្ជាក់ពីការត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួមសហការ ដើម្បីពន្លឿនដំណើរការអភិវឌ្ឍន៍កម្មវិធីនេះ សំដៅឈានទៅសម្រេចបានរួចរាល់ និងដាក់ឱ្យដំណើរការនាពេលឆាប់ៗ។