ព័ត៌មាន
ឯកឧត្តម រ័ត្ន សុវណ្ណនរៈ ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សាលើប្រធានបទ “ការសម្រេចបាននូវសមិទ្ធផលសំខាន់ៗក្នុងការទូទាត់ឆ្លងដែនប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព” ដែលជាកម្មវិធីពិសេសមួយនៃកិច្ចប្រជុំប្រចាំឆ្នាំលើកទី៩៤ របស់ធនាគារសម្រាប់ការទូទាត់អន្តរជាតិ (BIS) នាថ្ងៃទី២៨-៣០ ខែមិថុនា ឆ្នាំ២០២៤
៣០ មិថុនា ២០២៤

ឯកឧត្តម រ័ត្ន សុវណ្ណនរៈ ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សាលើប្រធានបទ “ការសម្រេចបាននូវសមិទ្ធផលសំខាន់ៗក្នុងការទូទាត់ឆ្លងដែនប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព” ដែលជាកម្មវិធីពិសេសមួយនៃកិច្ចប្រជុំប្រចាំឆ្នាំលើកទី៩៤ របស់ធនាគារសម្រាប់ការទូទាត់អន្តរជាតិ (BIS) នាថ្ងៃទី២៨-៣០ ខែមិថុនា ឆ្នាំ២០២៤ នៅទីក្រុងបាសែល ប្រទេសស្វ៊ីស។ 
ក្នុងឱកាសនោះ ឯកឧត្តម ទេសាភិបាលរង បានចែករំលែកបទពិសោធន៍របស់ ធនាគារជាតិនៃកម្ពុជា ទាក់ទងនឹងការអភិវឌ្ឍប្រព័ន្ធទូទាត់សងប្រាក់ ក៏ដូចជាដំណើរការនៃការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធទូទាត់បាគង ដែលជាប្រព័ន្ធកន្លោងនៃប្រព័ន្ធទូទាត់សងប្រាក់នៅប្រទេសកម្ពុជា ព្រមទាំងបានរៀបរាប់អំពីការតភ្ជាប់រវាងប្រព័ន្ធទូទាត់បាគង ជាមួយបណ្តាប្រទេសក្នុងតំបន់ ដើម្បីសម្រួលដល់ការទូទាត់និងផ្ទេរប្រាក់ឆ្លងដែន។ បច្ចុប្បន្ន អតិថិជនដែលមានគណនីជាប្រាក់រៀលអាចទូទាត់តាមរយៈប្រព័ន្ធទូទាត់បាគង នៅក្នុងប្រទេសឡាវ ថៃ និងវៀតណាម ជាដើម។ ធនាគារជាតិនៃកម្ពុជា ក៏កំពុងរៀបចំការតភ្ជាប់ជាមួយប្រទេសមួយចំនួនបន្ថែមទៀត ដែលរួមមានដូចជា ឥណ្ឌា ចិន ម៉ាឡេស៊ី ផងដែរ។ 
គួររំលេចថា កិច្ចប្រជុំកំពូលប្រចាំឆ្នាំលើកទី៩៤ របស់ធនាគារ BIS មានការចូលរួមពីទេសាភិបាលធនាគារកណ្តាលជុំវិញពិភពលោក ថ្នាក់ដឹកនាំស្ថាប័នអន្តរជាតិសំខាន់ៗ រួមទាំងភ្ញៀវកិត្តិយសជាច្រើនរូបទៀត ដើម្បីពិភាក្សាលើបញ្ហាប្រឈមថ្មីៗរបស់ធនាគារកណ្តាល និងស្វែងរកដំណោះស្រាយ ព្រមទាំងអនុសាសន៍ សម្រាប់ការដាក់ចេញគោលនយោបាយឆ្លើយតបទៅនឹងបញ្ហាប្រឈមទាំងនោះ។ សម្រាប់ឆ្នាំ២០២៤ នេះ កិច្ចប្រជុំប្រចាំឆ្នាំ បានផ្តោតសំខាន់ទៅលើតួនាទីរបស់ធនាគារកណ្តាលក្នុងការឆ្លើយតបនឹងអតិផរណាខ្ពស់ ព្រមទាំងកាលានុវត្តភាពនិងបញ្ហាប្រឈមក្នុងដំណើរវិវត្តិនៃបញ្ញាសិប្បនិម្មិត (AI) ជាដើម។