ព័ត៌មាន
លោកជំទាវបណ្ឌិត ជា សិរី និង ឯកឧត្តម Leong Sing Chiong អញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យដំណើរការគម្រោងថ្នាលច្រករបៀងតម្លាភាពហិរញ្ញវត្ថុ (Financial Transparency Corridor-FTC) រវាងកម្ពុជា និងសិង្ហបុរី
១៨ មិថុនា ២០២៤

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល  ធនាគារជាតិនៃកម្ពុជា និង ឯកឧត្តម Leong Sing Chiong នាយករងគ្រប់គ្រង អាជ្ញាធររូបិយវត្ថុសិង្ហបុរី បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យដំណើរការគម្រោងថ្នាលច្រករបៀងតម្លាភាពហិរញ្ញវត្ថុ (Financial Transparency Corridor-FTC) រវាងកម្ពុជា និងសិង្ហបុរី នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ នៅវិមានរដ្ឋាភិបាល ISTANA នៃប្រទេសសិង្ហបុរី។  
ព្រឹត្តិការណ៍ដាក់ឱ្យដំណើរការគម្រោងថ្នាល FTC នេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ឡរ៉េន វ៉ុង នាយករដ្ឋមន្ត្រី សាធារណរដ្ឋសិង្ហបុរី ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់ សម្តេចធិបតី ទៅកាន់សាធារណរដ្ឋសិង្ហបុរី ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤។ 
គម្រោងថ្នាល FTC ជាហេដ្ឋារចនាសម្ព័ន្ធឌីជីថលសម្រាប់បង្កើតកិច្ចព្រមព្រៀងជាមុន រវាងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជានិងសិង្ហបុរី ដើម្បីមានលទ្ធភាពប្រើប្រាស់ទិន្នន័យសហគ្រាសធុនតូច និងមធ្យមនៅប្រទេសទាំងពីរក្នុងការវាយតម្លៃឥណទានឱ្យបានប្រសើរជាងមុន សំដៅជំរុញសកម្មភាពពាណិជ្ជកម្ម និងប្រើប្រាស់សេវាហិរញ្ញវត្ថុឆ្លងដែនទ្វេភាគី។