ព័ត៌មាន
លោកជំទាវបណ្ឌិត ជា សិរី នឹងអញ្ជើញចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សាជាច្រើនក្នុងកម្មវិធី Singapore Fintech Festival នៅប្រទេសសិង្ហបុរី លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា នឹងអញ្ជើញចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សាជាច្រើនក្នុងកម្មវិធី Singapore Fintech Festival នៅប្រទេសសិង្ហបុរី ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១៥ ដល់ ១៧ ខែវិច្ឆិកា ឆ្នាំ២០២៣។
១៥ វិចិ្ឆកា ២០២៣

លោកជំទាវបណ្ឌិត នឹងធ្វើជាវាគ្មិនជាមួយថ្នាក់ដឹកនាំនិងអ្នកជំនាញផ្នែកហិរញ្ញវត្ថុ មកពីធនាគារកណ្តាលប្រទេសនានា ក្នុងកិច្ចពិភាក្សាមួយចំនួនរួមមាន៖ ១ - កិច្ចពិភាក្សាកម្រិតគោលនយោបាយអំពីហិរញ្ញវត្ថុឌីជីថល សំដៅអភិវឌ្ឍវិស័យហិរញ្ញវត្ថុឱ្យបានទូលំទូលាយ តម្លៃសមរម្យ និងងាយស្រួល ដោយប្រើប្រាស់បច្ចេកវិទ្យា ២ - ការចែករំលែកបទពិសោធន៍នៃភាពជាអ្នកដឹកនាំ និងសារៈសំខាន់របស់ស្រ្តីក្នុងការដឹកនាំឱ្យមានការផ្លាស់ប្តូរវិជ្ជមានក្នុងស្ថាប័ន និង ៣ - អត្ថប្រយោជន៍ដែលសហគ្រាសធុនតូចនិងមធ្យម (SMEs) នឹងទទួលបានពីការប្រើប្រាស់ Universal Trusted Credentials (UTC) ក្នុងប្រព័ន្ធហិរញ្ញវត្ថុជាដើម។ 
បន្ថែមលើនេះ លោកជំទាវ ទេសាភិបាល ក៏នឹងអញ្ជើញចូលរួមជាអធិបតីក្នុងពិធីចុះអនុស្សរណៈយោគយល់ ក្នុងកិច្ចសហប្រតិបត្តិការទូទាត់ឆ្លងប្រទេសរវាង KHQR នៃ ធនាគារជាតិនៃកម្ពុជា និង Alipay+ នៃក្រុមហ៊ុន Ant International ផងដែរ។ សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធីពិភាក្សារបស់លោកជំទាវបណ្ឌិត ជា សិរី សូមចុចតំណភ្ជាប់នេះ៖ https://www.fintechfestival.sg/speakers/151-dr-serey-chea...