ព័ត៌មាន
លោកជំទាវបណ្ឌិត ជា សិរី នឹងអញ្ជើញថ្លែងសុន្ទរកថាចែករំលែកបទពិសោធន៍របស់ធនាគារជាតិនៃកម្ពុជា ក្នុងវេទិកាពិភាក្សាស្តីពី រូបិយប័ណ្ណឌីជីថលធនាគារកណ្តាល (CBDC)
១៤ វិចិ្ឆកា ២០២៣

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា នឹងអញ្ជើញថ្លែងសុន្ទរកថាចែករំលែកបទពិសោធន៍របស់ធនាគារជាតិនៃកម្ពុជា ក្នុងវេទិកាពិភាក្សាស្តីពី រូបិយប័ណ្ណឌីជីថលធនាគារកណ្តាល (CBDC) ជាមួយថ្នាក់ដឹកនាំស្ថាប័នកម្រិតពិភពលោក និងតំបន់មួយចំនួនផ្សេងទៀត ដូចជា លោកស្រី Kristalina Georgieva នាយិកា មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោក Ravi Menon នាយកគ្រប់គ្រងអាជ្ញាធររូបិយវត្ថុសិង្ហបុរី (MAS) និងលោក Kentaro Ogata អគ្គនាយករងការិយាល័យអន្តរជាតិ នៃក្រសួងហិរញ្ញវត្ថុជប៉ុន ដើម្បីចូលរួមអបអរសាទរពិធីខួបលើកទី ២៥ នៃកំណើតវិទ្យាស្ថានបណ្តុះបណ្តាលសិង្ហបុរី (STI) ។
វាគ្មិនក្នុងវេទិកានេះជាមន្ត្រីជាន់ខ្ពស់មកពី IMF ធនាគារកណ្តាលចិន ធនាគារកណ្តាលឥណ្ឌា និងធនាគារកណ្តាលឥណ្ឌូនេស៊ី ហើយនឹងពិភាក្សាចែករំលែកបទពិសោធន៍អនុវត្តជាក់ស្តែង ដោយផ្តោតទៅលើសកម្មភាពគំរូល្អថ្មីៗរបស់ធនាគារកណ្តាល។ ធនាគារកណ្តាល និងអាជ្ញាធររូបិយវត្ថុជាច្រើននៅលើពិភពលោក កំពុងចាប់អារម្មណ៍កាន់តែខ្លាំងឡើងៗ ទៅលើគំនិតអភិវឌ្ឍន៍ CBDC ។ ក្នុងនោះ មួយចំនួនកំពុងសិក្សាស្រាវជ្រាវ និងបានដាក់ឱ្យដំណើរការសាកល្បង ប៉ុន្តែមានតិចតួចប៉ុណ្ណោះដែលបានចាប់ផ្តើមបោះផ្សាយ CBDC រួចហើយ។ 
IMF គ្រោងដាក់ឱ្យប្រើប្រាស់សៀវភៅណែនាំអេឡិចត្រូនិកស្តីពី CBDC ហើយសៀវភៅនេះនឹងផ្តល់ព័ត៌មាន អំពីបទពិសោធន៍នៃសកម្មភាពអនុវត្តជាក់ស្តែង ដែលអាចមានគុណតម្លៃសម្រាប់អ្នកតាក់តែងគោលនយោបាយ អ្នកសិក្សាស្រាវជ្រាវ និងសាធារណជន។
វេទិកានេះនឹងប្រព្រឹត្តិទៅនៅវិទ្យាស្ថាន STI ក្នុងប្រទេសសិង្ហបុរី នាថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ ចាប់ពីម៉ោង ៩៖១៥ ដល់ ម៉ោង ១១៖១៥ នាទីព្រឹក (ម៉ោងនៅភ្នំពេញ) ។ សាធារណជន និងអ្នកសារព័ត៌មានអាចចូលរួមដោយផ្ទាល់ ឬតាមប្រព័ន្ធវីដេអូ ដោយគ្រាន់តែចុះឈ្មោះតាមប្រព័ន្ធអនឡាញ តាមតំណរភ្ជាប់នេះ៖ https://web.cvent.com/.../691b9940-daa8-4670-8e2b.../welcome