ព័ត៌មាន
ឯកឧត្តម យឹម លាត ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងវេទិកា ស្តីពី “ការបង្កើនហិរញ្ញប្បទានដល់ស្ត្រី៖ ឧបករណ៍ក្នុងការពន្លឿនដល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព”
២១ កញ្ញា ២០២៣

ឯកឧត្តម យឹម លាត ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ជា សិរី អគ្គទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងវេទិកា ស្តីពី “ការបង្កើនហិរញ្ញប្បទានដល់ស្ត្រី៖ ឧបករណ៍ក្នុងការពន្លឿនដល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព”។ វេទិកានេះគឺជាគំនិតផ្តួចផ្តើមរបស់ធនាគារជាតិនៃកម្ពុជា និងគណៈកម្មការសេដ្ឋកិច្ចនិងសង្គមប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិកនៃអង្គការសហប្រជាជាតិ (UNESCAP) រួមជាមួយដៃគូអភិវឌ្ឍន៍ផ្សេងទៀត ដែលបានរៀបចំស្របជាមួយកម្មវិធីនៃមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញ៉ូយក សហរដ្ឋអាមេរិក។ វេទិកានេះក៏មានការអញ្ជើញចូលរួមពីលោកជំទាវ Armida Salsiah Alisjahbana អគ្គលេខាធិការរង អង្គការសហប្រជាតិ និងជាអគ្គលេខាធិការនៃ UNESCAP រួមជាមួយ ឯកឧត្តម Manoa Kamikamica ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម សហគ្រាសធុនតូចនិងមធ្យម និងទំនាក់ទំនង នៃប្រទេសហ្វីជី ផងដែរ។

នៅក្នុងវេទិកានេះ ឯកឧត្តម ទេសាភិបាលរង បានបង្ហាញពីគោលនយោបាយគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជា និងធនាគារជាតិនៃកម្ពុជា ក្នុងការពង្រឹងតួនាទីស្រ្តីតាមរយៈការចូលរួមដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ។ យុទ្ធសាស្រ្តជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុ បានកំណត់យ៉ាងច្បាស់ពីគោលដៅនៃការកាត់បន្ថយអត្រាស្រ្តីមិនបានទទួលសេវាហិរញ្ញវត្ថុរហូតដល់ពាក់កណ្តាល។ បន្ថែមពីនេះ ធនាគារជាតិនៃកម្ពុជា ក៏បានលើកទ្បើងពីកិច្ចខិតខំប្រឹងប្រែងក្នុងការរៀបចំយន្តការគាំទ្រដល់ការជំរុញការផ្តល់ហិរញ្ញប្បទានទប់ទល់នឹងអាកាសធាតុ ដែលគិតគូរពីតួនាទីនិងតម្រូវការរបស់ស្រ្តី ផងដែរ។

ជាទិសដៅរួម វេទិកានេះបានជំរុញឱ្យសមាជិកបន្តយកចិត្តទុកដាក់លើការផ្តល់ហិរញ្ញប្បទានទប់ទល់អាកាសធាតុដែលយកចិត្តទុកដាក់ដល់ស្រ្តី (Gender Climate Financing) ការវិនិយោគដែលផ្ដល់អត្ថប្រយោជន៍ដល់ស្រ្តី (Gender Impact Investing) និងការពង្រឹងយន្តការនិងគោលនយោបាយកាត់បន្ថយគម្លាតរវាងបុរសនិងស្រ្តី ជាដើម។