ព័ត៌មាន
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញចុះជួបសំណេះសំណាលការងារជាមួយមន្ត្រី-បុគ្គលិកសាខាធនាគារជាតិនៃកម្ពុជា តាមបណ្តាខេត្តចំនួនពីរគឺ ខេត្តសៀមរាបនិងខេត្តបាត់ដំបង
១៨ កញ្ញា ២០២៣

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញចុះជួបសំណេះសំណាលការងារជាមួយមន្ត្រី-បុគ្គលិកសាខាធនាគារជាតិនៃកម្ពុជា តាមបណ្តាខេត្តចំនួនពីរគឺខេត្តសៀមរាបនិងខេត្តបាត់ដំបង នាថ្ងៃទី១៨-១៩ ខែកញ្ញា ឆ្នាំ២០២៣។ ក្នុងជំនួបនោះ លោកជំទាវ ទេសាភិបាល បានលើកសរសើរចំពោះមន្ត្រី-បុគ្គលិកសាខាធនាគារជាតិនៃកម្ពុជា ប្រចាំខេត្តទាំងពីរ ដែលបានខិតខំបំពេញមុខងារនិងភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវនិងមានប្រសិទ្ធភាពខ្ពស់ រហូតទទួលបានសមិទ្ធផលគួរជាទីមោទន នាពេលកន្លងមក។

បន្ថែមលើនេះ លោកជំទាវក៏បានលើកឡើងពីសារៈសំខាន់នៃការលើកកម្ពស់ការយល់ដឹងពីគោលដៅរួម និងគោលនយោបាយថ្មីៗរបស់ធនាគារជាតិនៃកម្ពុជា សំដៅឱ្យមន្ត្រីបុគ្គលិកបន្តខិតខំបំពេញការងារវេញជាធ្លុងមួយរក្សាបានសមិទ្ធផលដែលមានស្រាប់ និងឈានទៅសម្រេចសមិទ្ធផលថ្មីៗបន្ថែមទៀត។ លោកជំទាវ ទេសាភិបាល ក៏បានយកឱកាសនោះលើកឡើងអំពីការប្រកាន់ខ្ជាប់នូវគោលនយោបាយលើកកម្ពស់ប្រាក់រៀល ការរួមចំណែករក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងគាំទ្រការអភិវឌ្ឍជាតិ ហើយបានជំរុញឱ្យសាខាធនាគារជាតិនៃកម្ពុជា ខេត្តសៀមរាម និងខេត្តបាត់ដំបង បន្តលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលឱ្យកាន់តែសកម្ម ព្រមទាំងរួមចំណែកផ្តល់ចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់សាធារណជន  និងពង្រឹងទំនាក់ទំនងល្អប្រសើរជាមួយមន្ទីរ-អង្គភាពពាក់ព័ន្ធ។

ក្នុងនាមជាស្រ្តីដំបូងគេនៅកម្ពុជាក្នុងតួនាទីជាទេសាភិបាលធនាគារជាតិនៃកម្ពុជា លោកជំទាវបណ្ឌិត ជា សិរី ក៏បានលើកសសើរពីវត្តមានកាន់តែច្រើនឡើងនៃមន្រ្តី-បុគ្គលិកជាស្រ្តីនៅតាមសាខាធនាគារជាតិប្រចាំខេត្តទាំងពីរ និងថ្លែងសារបំផុសគំនិតលើកទឹកចិត្តឱ្យគ្រប់គ្នាបង្កើនភាពអង់អាចចូលរួមកាន់តែខ្លាំងក្នុងសកម្មភាពសេដ្ឋកិច្ចនិងការអភិវឌ្ឍ ឱ្យស្របនឹងវឌ្ឍនភាពដែលកម្ពុជាកំពុងឆ្ពោះទៅរកសមភាពយេនឌ័រ ដូចមានស្រ្តីជាថ្នាក់ដឹកនាំក្នុងជួររដ្ឋាភិបាលកាន់តែច្រើនឡើងជាគំរូស្រាប់ ជាពិសេសឥស្សរជនស្រ្តីចំនួន៣រូបមានឋានៈជារដ្ឋមន្រ្តី។