ព័ត៌មាន
ធនាគារជាតិនៃកម្ពុជា បានរៀបចំពិធីសំណេះសំណាលជាមួយមន្ត្រីបុគ្គលិកធនាគារជាតិនៃកម្ពុជា ដោយមានការអញ្ជើញចូលរួមជាអធិបតីពី ឯកឧត្តម ជា ចាន់តូ
៣១ សីហា ២០២៣

ធនាគារជាតិនៃកម្ពុជា បានរៀបចំពិធីសំណេះសំណាលជាមួយមន្ត្រីបុគ្គលិកធនាគារជាតិនៃកម្ពុជា ដោយមានការអញ្ជើញចូលរួមជាអធិបតីពី ឯកឧត្តម ជា ចាន់តូ ទេសាភិបាលកិត្តិយស ធនាគារជាតិនៃកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមរបស់ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ថ្នាក់ដឹកនាំជាន់ខ្ពស់ និងមន្រ្តីបុគ្គលិកសរុបប្រមាណ ២៧០រូប។

ជំនួបសំណេះសំណាលនេះផ្តោតលើការចែករំលែកទស្សនាទានល្អៗស្តីពីការវិវត្តិនៃប្រព័ន្ធធនាគារកម្ពុជានិងសមិទ្ធផលសំខាន់ៗដែលសម្រេចបាននាពេលកន្លងមក បញ្ហាប្រឈមនិងកាលានុវត្តភាពថ្មីៗក្នុងវិស័យហិរញ្ញវត្ថុ ព្រមទាំងផែនការអនុវត្តគោលនយោបាយហិរញ្ញវត្ថុ និងរូបិយវត្ថុឱ្យស្របតាមគោលនយោបាយអភិវឌ្ឍរបស់រាជរដ្ឋាភិបាល។

ក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តម ជា ចាន់តូ បានកោតសសើរចំពោះមន្រ្តីបុគ្គលិកធនាគារជាតិនៃកម្ពុជាគ្រប់លំដាប់ថ្នាក់ដែលបានរួមចំណែកបំពេញមុខងារ-ភារកិច្ច និងអនុវត្តការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ក្រោមការដឹកនាំរបស់ឯកឧត្តមនាពេលកន្លងមក រហូតទទួលបានសមិទ្ធផលជាច្រើនគួរជាទីមោទនៈ។ ឯកឧត្តមក៏បានយកឱកាសនេះផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្រ្តីធនាគារជាតិនៃកម្ពុជាឱ្យបន្តខិតខំបង្កើនចំណេះវិជ្ជាឱ្យបានកាន់តែជ្រៅជ្រះថែមទៀតលើមុខជំនាញនិងការងាររបស់ខ្លួន ព្រមទាំងត្រូវមានសមត្ថភាពនិងគុណធម៌ទន្ទឹមគ្នាដើម្បីបន្តអភិវឌ្ឍស្ថាប័នឱ្យកាន់តែរីកចម្រើនជាបន្តបន្ទាប់ទៀត។

នាឱកាសនោះផងដែរ លោកជំទាវ ជា សិរី បានថ្លែងពីសារៈសំខាន់នៃការបន្តអភិវឌ្ឍសមត្ថភាពជាប្រចាំ និងភាពចាំបាច់ក្នុងការធ្វើបច្ចុប្បន្នភាពអំពីនិន្នាការសកលលោកដែលតែងតែមានការប្រែប្រួលយ៉ាងឆាប់រហ័ស។ លោកជំទាវបានថ្លែងថានឹងបន្តរក្សានូវសមិទ្ធផលដែលមានស្រាប់និងបង្កើតឱ្យមានសមិទ្ធផលថ្មីៗបន្ថែមទៀតក្នុងប្រព័ន្ធធនាគារ និងចូលរួមគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាល  ព្រមទាំងបន្តរក្សានិងពង្រឹងសាមគ្គីភាពផ្ទៃក្នុងឱ្យបានរឹងមាំជាមួយថ្នាក់ដឹកនាំ និងមន្រ្តីបុគ្គលិកទាំងអស់ដើម្បីជាប្រយោជន៍ដល់ស្ថាប័ន និងប្រទេសជាតិ។