ព័ត៌មាន
លោក ហេង បូមករា អញ្ជើញជាវាគ្មិនកិត្តិយសក្នុងកម្មវិធីបរិយាបន្នហិរញ្ញវត្ថុឌីជីថល
២២ សីហា ២០២៣

នៅថ្ងៃទី២២-២៥ ខែសីហា ឆ្នាំ២០២៣ លោក ហេង បូមករា អគ្គនាយករងត្រួតពិនិត្យទី១ បានអញ្ជើញចូលរួមក្នុងកម្មវិធីបរិយាបន្នហិរញ្ញវត្ថុឌីជីថល (Digital Financial Inclusion Festival) នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី ក្រោមប្រធានបទ “បរិយាបន្នហិរញ្ញវត្ថុឌីជីថលសម្រាប់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព” និងអញ្ជើញជាវាគ្មិនកិត្តិយសក្នុងកិច្ចពិភាក្សារបស់អង្គការសម្រាប់សហប្រតិបត្តិការនិងការអភិវឌ្ឍសេដ្ឋកិច្ច (OECD) ក្រោមប្រធានបទ “ការសម្រេចបាននូវបរិយាបន្នហិរញ្ញវត្ថុនិងចំណេះដឹងផែ្នកហិរញ្ញវត្ថុដែលប្រកបដោយគុណភាព ក្នុងយុគសម័យឌីជីថល” ដើម្បីចែករំលែកបទពិសោធន៍នៃការលើកកម្ពស់គុណភាពនៃបរិយាបន្នហិរញ្ញវត្ថុ និងចំណេះដឹងផ្នែកហិរញ្ញវត្ថុ ព្រមទាំងកិច្ចការពារអតិថិជន ដែលធនាគារជាតិនៃកម្ពុជាបាននិងកំពុងអនុវត្ត។
កម្មវិធីនេះមានគោលដៅ ចែករំលែកអំពីគោលនយោបាយ ឧត្តមានុវត្តភាព និងគំនិតផ្តួចផ្តើមនានា ក្នុងការជំរុញបរិយាបន្នហិរញ្ញវត្ថុឌីជីថលសម្រាប់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបង្កើនការយល់ដឹងជាសាធារណៈអំពីសារៈសំខាន់នៃចំណេះដឹងផ្នែកហិរញ្ញវត្ថុឌីជីថល។