ព័ត៌មាន
ធនាគារជាតិនៃកម្ពុជា សហការជាមួយមជ្ឈមណ្ឌលស៊ាសិន និងធនាគារកណ្តាលនៃប្រទេសជប៉ុន បានបើកវគ្គបណ្តុះបណ្តាល ស្តីពី “គោលនយោបាយអត្រាប្ដូរប្រាក់”
២១ សីហា ២០២៣

ធនាគារជាតិនៃកម្ពុជា សហការជាមួយមជ្ឈមណ្ឌលស៊ាសិន (SEACEN) និងធនាគារកណ្តាលនៃប្រទេសជប៉ុន បានបើកវគ្គបណ្តុះបណ្តាល ស្តីពី “គោលនយោបាយអត្រាប្ដូរប្រាក់” កាលពីថ្ងៃចន្ទ ៥កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាអង្គរ ខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម ស៊ុ សន្និសិទ្ធ ទេសាភិបាលរង ជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងលោកបណ្ឌិត Mangal Goswami នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលស៊ាសិន។ វគ្គបណ្តុះបណ្តាលនេះមានរយៈពេលប្រាំថ្ងៃ គឺចាប់ថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ ដោយទទួលបទឧទ្ទេសនាមពីសំណាក់វាគ្មិនចំនួន ៧រូប មកពីស្ថាប័ននិងគ្រឹះស្ថានឧត្តមសិក្សាអន្តរជាតិ ក្នុងគោលបំណងផ្ដល់ចំណេះដឹង និងបទពិសោធន៍ជាក់ស្តែងដល់សិក្ខាកាមអំពី ១/- ចំណាត់ថ្នាក់នៃរបបអត្រាប្ដូរប្រាក់ ២/- ការជះឥទ្ធិពលនៃរបបអត្រាប្ដូរប្រាក់ទៅលើស្ថិរភាពថ្លៃ កំណើនសេដ្ឋកិច្ច និងកត្តាក្នុងស្រុកសំខាន់ៗ ៣/- ការវាយតម្លៃសមតាអត្រាប្ដូរប្រាក់ និងគម្លាតអត្រាប្ដូរប្រាក់ពិតពីចំណុចសមតា និង៤/- បញ្ហាមូលដ្ឋានសំខាន់ៗនៃទុនបម្រុងអន្ដរជាតិ និងការអន្តរាគមលើទីផ្សាអត្រាប្ដូរប្រាក់។  វគ្គបណ្តុះបណ្តាលទទួលបានការចូលរួមពីសំណាក់សិក្ខាកាម ចំនួន ៣៤រូប ជាតំណាងធនាគារកណ្តាល និងអាជ្ញាធររូបិយវត្ថុ មកពី ១២ប្រទេស ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។