ព័ត៌មាន
លោកជំទាវបណ្ឌិត ជា សិរី បានដឹកនាំក្រុមយុវជនស្ម័គ្រចិត្ត សហការជាមួយក្រុមគ្រូពេទ្យមនុស្សធម៌ ដើម្បីព្យាបាលអ្នកជំងឺភ្នែកឡើងបាយ ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋមកពីខេត្តកំពង់ធំ
០៦ សីហា ២០២៣

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានដឹកនាំក្រុមយុវជនស្ម័គ្រចិត្តធនាគារជាតិនៃកម្ពុជា សហការជាមួយក្រុមគ្រូពេទ្យមនុស្សធម៌មកពីប្រទេសអូស្ត្រាលី តាមរយៈអង្គការ AHHA (Australian Health Humanitarian Aid) មូលនិធិចក្ខុខ្មែរ (Khmer Sight Foundation) និងមូលនិធិរក្សាកុមារ (Raksa Koma Foundation) ដើម្បីពិនិត្យនិងព្យាបាលអ្នកជំងឺភ្នែកឡើងបាយ ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋមកពីខេត្តកំពង់ធំ ប្រមាណ ២៨០ នាក់ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ចាប់ពីថ្ងៃទី៥-៧ ខែសីហា ឆ្នាំ២០២៣។អ្នកជំងឺទាំងនេះគឺស្ថិតក្នុងចំណោមប្រជាពលរដ្ឋប្រមាណជាង ២.៣០០នាក់ ដែលទទួលបានការពិនិត្យនិងព្យាបាល កាលពីថ្ងៃទី១៦-១៧ ខែមិថុនា ឆ្នាំ២០២៣កន្លងទៅ នៅក្នុងស្រុកស្ទោង ខេត្តកំពង់ ហើយដែលតម្រូវឱ្យទទួលការពិនិត្យនិងព្យាបាលបន្តនៅរាជធានីភ្នំពេញ។ ក្រោមការដឹកនាំផ្ទាល់របស់លោកជំទាវបណ្ឌិត ទេសាភិបាល ប្រជាពលរដ្ឋជាច្រើនបានទទួលការព្យាបាលជំងឺភ្នែកឡើងបាយ និងការវះកាត់ភ្នែកកន្ទុយថ្លែននៅទីក្រុងភ្នំពេញជាបន្តបន្ទាប់ ដោយលោកជំទាវបណ្ឌិត បានរ៉ាប់រងរាល់ការចំណាយទាំងអស់ រួមមាន ការធ្វើដំណើរ ស្នាក់នៅ និងការហូបចុកជូនដល់ប្រជាពលរដ្ឋមកពីខេត្តកំពង់ធំ ព្រមទាំងទទួលបានថ្នាំសង្កូវនិងវ៉ែនតា ដើម្បីការពារភ្នែកក្រោយពេលវះកាត់ទៀតផង។ គួររំលេចថា គិតចាប់តាំងពីឆ្នាំ២០១៧ មក មានអ្នកជំងឺភ្នែកឡើងបាយនិងកន្ទុយថ្លែនប្រមាណជាង ៨០០នាក់ ដែលទទួលបានការវះកាត់ នងព្យាបាល ដោយឥតគិតថ្លៃ និងដោយជោគជ័យ ហើយនិងអាចមើលឃើញបានច្បាស់ឡើងវិញ។

ទន្ទឹមនឹងយុទ្ធនាការពិនិត្យនិងព្យាបាលភ្នែកនេះ លោកជំទាវបណ្ឌិត ទេសាភិបាល និងក្រុមយុវជនស្ម័គ្រចិត្តរបស់ធនាគារជាតិនៃកម្ពុជា ក៏បានផ្តល់ការសម្របសម្រួលដល់ក្រុមគ្រូពេទ្យនៃអង្គការ AHHA ដើម្បីពិនិត្យ និងព្យាបាលជំងឺមាត់ធ្មេញជូនប្រជាពលរដ្ឋ ជាពិសេសកុមារដែលភាគច្រើនមានជំងឺអូទីហ្សឹម នៅគ្លីនិកធ្មេញពុទ្ធិសាស្ត្រ ផងដែរ។