ព័ត៌មាន
ធនាគារជាតិនៃកម្ពុជាបានរៀបចំពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការប្រព័ន្ធខេមបូឌានស៊ែស្វីច (Cambodian Shared Switch-CSS)
០៤ កក្កដា ២០២៣

នៅថ្ងៃអង្គារ ២រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣ ធនាគារជាតិនៃកម្ពុជាបានរៀបចំពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការប្រព័ន្ធខេមបូឌានស៊ែស្វីច (Cambodian Shared Switch-CSS) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ បណ្ឌិត ជា សិរី ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា។ ប្រព័ន្ធ CSS ត្រូវបានអភិវឌ្ឍឡើងដើម្បីជាមធ្យោបាយងាយស្រួលសម្រាប់អតិថិជនរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់ធ្វើប្រតិបត្តិការទូទាត់ឆ្លងគ្រឹះស្ថានតាមប័ណ្ណទូទាត់ឥណពន្ធ CSS លើគ្រប់ម៉ាស៊ីនដក/ដាក់ប្រាក់ (ATM) និង ម៉ាស៊ីនឆូតកាត (POS) របស់គ្រឹះស្ថានសមាជិក។ ការដាក់ឱ្យដំណើរការប្រព័ន្ធ CSS នឹងរួមចំណែកក្នុងការលើកកម្ពស់អន្តរប្រតិបត្តិការរវាងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ បង្កើនតម្លាភាពតាមរយៈការទូទាត់ជាអេឡិចត្រូនិក ធ្វើឱ្យការប្រើប្រាស់សេវាហិរញ្ញវត្ថុកាន់តែមានភាពងាយស្រួល កាត់បន្ថយចរាចរណ៍សាច់ប្រាក់នៅលើទីផ្សារ បង្កើននូវប្រសិទ្ធភាពក្នុងការប្រើប្រាស់ធនធានហិរញ្ញវត្ថុ រួមចំណែកលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលស្របតាមគោលនយោបាយរបស់រដ្ឋាភិបាល និងការធ្វើសមាហរណកម្មជាមួយប្រទេសក្នុងតំបន់ផងដែរ។