ព័ត៌មាន
ឯកឧត្តម ស៊ុំ សន្និសិទ្ធ បានអនុញ្ញាតឱ្យក្រុមបេសកកម្មមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
០៩ ឧសភា ២០២៣

នាព្រឹកថ្ងៃអង្គារ ៥រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម ស៊ុំ សន្និសិទ្ធ ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យក្រុមបេសកកម្មមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដឹកនាំដោយ លោក Davide Furceri ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅធនាគារជាតិនៃកម្ពុជា។ លោក Davide Furceri ដែលទើបនឹងចូលមកកាន់តំណែងជាប្រធានបេសកកម្មរបស់ IMF សម្រាប់ប្រទេសកម្ពុជា បានជម្រាបជូនពីគោលបំណងនៃការបំពេញបេសកកម្មរយៈពេលមួយសប្តាហ៍នេះ គឺចាប់ពីថ្ងៃទី៩-១៦ ខែឧសភា ឆ្នាំ២០២៣ និងបានសម្តែងនូវការចាប់អារម្មណ៍ខ្លាំងចំពោះប្រទេសកម្ពុជា ក្នុងឱកាសនៃការធ្វើដំណើរ និងបំពេញបេសកកម្មលើកដំបូងនៅកម្ពុជា។
ឯកឧត្តម ទេសាភិបាលរង បានស្វាគមន៍ចំពោះក្រុមបេសកកម្ម ដែលបានមកបំពេញទស្សនកិច្ចដើម្បីស្វែងយល់ និងចូលរួមវាយតម្លៃស្ថានភាពសេដ្ឋកិច្ចកម្ពុជា ព្រមទាំងបានជម្រាបជូនក្រុមបេសកកម្មអំពីវឌ្ឍនភាពសេដ្ឋកិច្ចកម្ពុជានិងថ្លែងអំណរគុណចំពោះការចូលរួមរបស់ IMF ក្នុងការអភិវឌ្ឍវិស័យធនាគារ ការផ្តល់ជំនួយបច្ចេកទេស អាហារូបករណ៍ និងវគ្គបណ្តុះបណ្តាលសម្រាប់កសាងធនធានមនុស្សនៅកម្ពុជា។
ក្រៅពីជំនួបខាងលើ ក្រុមបេសកកម្ម IMF ក៏បានទទួលការអនុញ្ញាតបន្តចូលជួបលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា និងក្រុមការងារបច្ចេកទេស ធនាគារជាតិនៃកម្ពុជា ដើម្បីពិភាក្សាពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងវិស័យធនាគារនៅកម្ពុជា។ លោកជំទាវ ទេសាភិបាលរង បានជម្រាបជូនក្រុមបេសកកម្មអំពីភាពរឹងមាំនៃសេដ្ឋកិច្ច និងប្រព័ន្ធធនាគារនៅកម្ពុជា ក្រោយវិបត្តិកូវីដ-១៩ ព្រមទាំងបានស្នើឱ្យមានការសិក្សារួមគ្នាលើការរៀបចំគោលនយោបាយជំរុញការប្រើប្រាស់ប្រាក់រៀល ផងដែរ។