ព័ត៌មាន
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានអញ្ជើញជាអធិបតីថ្លែងសុន្ទរកថាបើកសិក្ខាសាលាស្តីពីប្រាក់រៀល ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងប្រព័ន្ធបាគង
២១ មីនា ២០២៣

នៅថ្ងៃចន្ទ ១៤ រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានអញ្ជើញជាអធិបតីថ្លែងសុន្ទរកថាបើកសិក្ខាសាលាស្តីពីប្រាក់រៀល ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងប្រព័ន្ធបាគង នៅមណ្ឌលសិក្សាបច្ចេកទេសធនាគារ (សែនសុខ)។ កម្មវិធីនេះត្រូវបានធ្វើឡើងក្នុងឱកាសអបអរសាទរខួបលើកទី៤៣ នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ (២០ មីនា ១៩៨០ - ២០ មីនា ២០២៣) ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័ន គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ គ្រឹះស្ថានឧត្តមសិក្សា និងនិស្សិត ព្រមទាំងមានការតាំងពិព័ណ៌ពីប្រវត្តិប្រាក់រៀល ប្រព័ន្ធទូទាត់បាគង និងស្តង់បង្ហាញពីចំណេះដឹងហិរញ្ញវត្ថុ។ លោកជំទាវ ទេសាភិបាលរង បានជម្រាបជួនដោយសង្ខេបពីប្រវត្តិប្រាក់រៀលតាំងពីការដាក់ឱ្យដំណើរការជាលើកដំបូង ដល់ការលុបបំបាត់ចោលទាំងស្រុងក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត និងការបោះផ្សាយប្រាក់រៀលឡើងវិញក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ ព្រមទាំងថ្លែងសារគន្លឹះពីសារៈសំខាន់នៃប្រាក់រៀលមកលើប្រសិទ្ធភាពនយោបាយរូបិយវត្ថុ និងការអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធឱ្យបន្តរួមចំណែកបង្កើនការប្រើប្រាស់ប្រាក់រៀល។ សិក្ខាសាលានេះក៏មានការចូលរួមធ្វើបទបង្ហាញពីអ្នកជំនាញផ្នែកសេដ្ឋកិច្ចពីសារៈសំខាន់នៃការប្រើប្រាស់ប្រាក់រៀលនិងដុល្លារូបនីយកម្មនៅកម្ពុជាព្រមទាំងកិច្ចពិភាក្សាតុមូលលើវឌ្ឍនភាពបញ្ហាប្រឈម និងដំណោះស្រាយចំពោះការពង្រឹងការប្រើប្រាស់ប្រាក់រៀល។ ជារួម អង្គពិធីបានបញ្ជាក់ពីការកើនឡើងជាលំដាប់នៃទំហំប្រាក់រៀលក្នុងចរាចរណ៍ ស្របពេលអត្រាប្តូរប្រាក់រៀលរក្សាបានស្ថិរភាពយ៉ាងល្អប្រសើរ។ ទន្ទឹមនេះ បញ្ហាប្រឈមមួយចំនួនបន្តមាន ដែលទាមទារឱ្យមានការចូលរួមបន្ថែមទៀតពីគ្រប់មជ្ឈដ្ឋានដើម្បីជំរុញការប្រើប្រាស់ប្រាក់រៀលឱ្យបានកាន់តែទូលំទូលាយ។