ព័ត៌មាន
លោក គីមទី កោមលី អគ្គនាយករងបច្ចេកទេសទី១ នៃអគ្គនាយកដ្ឋានបចេ្ចកទេស ធនាគារជាតិនៃកម្ពុជាបានអញ្ជើញជាអធិបតីក្នុងកម្មវិធីបើកសិក្ខាសាលាសម្រាប់និយ័តករស្តីពី "ការអភិវឌ្ឍន៍ទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជា៖ ឧបករណ៍សម្រាប់គ្រប់គ្រងហានិភ័យ"
០២ មីនា ២០២៣

នៅថ្ងៃព្រហស្បតិ៍ ១១កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ លោក គីមទី កោមលី អគ្គនាយករងបច្ចេកទេសទី១ នៃអគ្គនាយកដ្ឋានបចេ្ចកទេស ធនាគារជាតិនៃកម្ពុជាបានអញ្ជើញជាអធិបតីក្នុងកម្មវិធីបើកសិក្ខាសាលាសម្រាប់និយ័តករស្តីពី "ការអភិវឌ្ឍន៍ទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជា៖ ឧបករណ៍សម្រាប់គ្រប់គ្រងហានិភ័យ"។  សិក្ខាសាលានេះត្រូវបានសហការរៀបចំដោយធនាគារជាតិនៃកម្ពុជា គណៈកម្មការមូលបត្រកម្ពុជា និង IFC ចាប់ពីថ្ងៃទី២-៣ ខែមីនា ឆ្នាំ២០២៣ នៅសណ្ឋាគារ Raffles Le Royal ភ្នំពេញ។  គោលបំណងនៃសិក្ខាសាលានេះគឺដើម្បីជំរុញការអភិវឌ្ឍទីផ្សារឧបករណ៍និស្សន្ទចារឹកជាប្រាក់រៀលដែលមានបទប្បញ្ញតិ្តគ្រប់គ្រងត្រឹមត្រូវ ដើម្បីប្រើប្រាស់ជាឧបករណ៍គ្រប់គ្រងហានិភ័យប្រកបដោយប្រសិទ្ធភាពសម្រាប់ជំរុញការវិនិយោគលើឧបករណ៍ហិរញ្ញវត្ថុចារឹកជាប្រាក់រៀល ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីសម្រេចបានគោលដៅចម្បងគឺការលើកកម្ពស់ប្រាក់រៀល។  និយ័តករមកពីវិស័យពាក់ព័ន្ធនានាត្រូវបានអញ្ជើញចូលរួម ក្នុងគោលបំណងផ្សព្វផ្សាយអត្ថប្រយោជន៍នៃការប្រើប្រាស់ឧបករណ៍និស្សន្ទសម្រាប់គ្រប់គ្រងហានិភ័យ ព្រមទាំងផ្តល់ឱកាសនិងវេទិកាសម្រាប់និយ័តករដើម្បីពិភាក្សាបង្កើតគោលនយោបាយរួម ដើម្បីឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជា។ និយ័តករដែលបានអញ្ជើញចូលរួមមកពីស្ថាប័នពាក់ព័ន្ធ ដូចជា ធនាគារជាតិនៃកម្ពុជា និយ័តករមូលបត្រកម្ពុជា ផ្សារមូលបត្រកម្ពុជា និយ័តករធានារ៉ាប់រ៉ង និយ័តករទីផ្សារអចនលទ្រព្យ និយ័តករសន្តិសុខសង្គម និយ័តករអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ក្រសួងពាណិជ្ជកម្ម ក្រសួងយុត្តិធម៍ និងក្រសួងកសិកម្ម  រុក្ខាប្រមាញ់ និងនេសាទ។