ព័ត៌មាន
ជំទាវបណ្ឌិត ជា សិរី ឧបការីទេសាភិបាលនិងជាអគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា អញ្ជើញជាអធិបតីបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី របាយការណ៍ស្ថិរភាពហិរញ្ញវត្ថុឆ្នាំ២០២១
១៧ មិថុនា ២០២២

នៅថ្ងៃសុក្រ ៣រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ ធនាគារជាតិនៃកម្ពុជាបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី របាយការណ៍ស្ថិរភាពហិរញ្ញវត្ថុឆ្នាំ២០២១ នៅធនាគារជាតិនៃកម្ពុជា អគារសែនសុខ ក្រោមអធិបតីភាពរបស់លោកជំទាវបណ្ឌិត ជា សិរី ឧបការីទេសាភិបាលនិងជាអគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា និងមានការចូលរួមពីតំណាងអាជ្ញាធរក្នុងវិស័យហិរញ្ញវត្ថុ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដៃគូអភិវឌ្ឍន៍ និងមជ្ឈមណ្ឌលស្រាវជ្រាវ សរុបប្រមាណជាង ២០០នាក់។ សិក្ខាសាលាផ្សព្វផ្សាយនេះ មានគោលបំណងលើកកម្ពស់ការយល់ដឹងរបស់ភាគីពាក់ព័ន្ធ និងសាធារណជនឱ្យកាន់តែទូលំទូលាយអំពីវឌ្ឍនភាព ហានិភ័យនានា និងការអនុវត្តគោលនយោបាយក្នុងវិស័យហិរញ្ញវត្ថុ ព្រមទាំងទស្សនវិស័យចំពោះស្ថានភាពស្ថិរភាពហិរញ្ញវត្ថុនៅកម្ពុជា។