ព័ត៌មាន
ឯកឧត្តម រ័ត្ន សុវណ្ណនរៈ ឧបការីទេសាភិបាល និងជាអគ្គនាយកត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីបើកសិក្ខាសាលាស្តីពី “ឱកាស និងបញ្ហាប្រឈមក្នុងការប្រកបអាជីវកម្ម និងការអនុវត្តមុខងារប៊េងកាសួរេន”
២៦ ឧសភា ២០២២

នៅថ្ងៃព្រហស្បតិ៍ ១១រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម រ័ត្ន សុវណ្ណនរៈ ឧបការីទេសាភិបាល និងជាអគ្គនាយកត្រួតពិនិត្យ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីបើកសិក្ខាសាលាស្តីពី “ឱកាស និងបញ្ហាប្រឈមក្នុងការប្រកបអាជីវកម្ម និងការអនុវត្តមុខងារប៊េងកាសួរេន” តាមរយៈប្រព័ន្ធអនឡាញ ក្រោមកិច្ចសហការរៀបចំរួមគ្នាដោយ សមាគមធានារ៉ាប់រងកម្ពុជា និងសមាគមធនាគារនៅកម្ពុជា។ សិក្ខាសាលានេះមានការចូលរួមពីតំណាង ធនាគារជាតិនៃកម្ពុជា និយ័តករធានារ៉ាប់រងកម្ពុជា សមាគមធានារ៉ាប់រងកម្ពុជា សមាគមធនាគារនៅកម្ពុជា គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងក្រុមហ៊ុនធានារ៉ាប់រង សរុបប្រមាណ ២០០ រូប និងមានគោលបំណងផ្តល់ឱកាសដល់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងក្រុមហ៊ុនធានារ៉ាប់រងស្វែងយល់បន្ថែមទៅលើប្រកាសស្តីពីលក្ខខណ្ឌសម្រាប់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុក្នុងការធ្វើអាជីវកម្មប៊េងកាសួរេន និងផ្តោតសំខាន់ទៅលើមុខងារនិងនីតិវិធីស្នើសុំការអនុញ្ញាតធ្វើអាជីវកម្មប៊េងកាសួរេនម៉ូឌែលភ្នាក់ងារ។  សិក្ខាសាលានេះក៏មានវេទិកាសំណួរនិងចម្លើយ ដែលមានមន្រ្តីធនាគារជាតិនៃកម្ពុជាចូលរួមជាវាគ្មិនផងដែរ។