ព័ត៌មាន
លោកជំទាវ ជា សិរី ឧបការីទេសាភិបាលនិងជាអគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា អញ្ជើញចូលរួមជាវាគ្មិននៅក្នុងកិច្ចពិភាក្សានៃសន្និសីទសកលតាមប្រព័ន្ធអនឡាញ
០៥ កក្កដា ២០២១

លោកជំទាវ ជា សិរី  ឧបការីទេសាភិបាលនិងជាអគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា ត្រូវបានអញ្ជើញឱ្យចូលរួមជាវាគ្មិននៅក្នុងកិច្ចពិភាក្សានៃសន្និសីទសកលតាមប្រព័ន្ធអនឡាញ ក្រោមប្រធានបទស្តីពី “អនាគតនៃទីផ្សារហិរញ្ញវត្ថុនៅអាស៊ីនិងប៉ាស៊ីហ្វិក៖ ផលប៉ះពាល់រយៈពេលវែងនៃការរីករាលដាលជំងឺកូវីដ-១៩ និងបញ្ហាប្រឈមគោលនយោបាយ” ដែលមានកិច្ចសហការរៀបចំដោយធនាគារ DZ និងក្រុមហ៊ុនសាជីវកម្ម Maleki។ កិច្ចពិភាក្សានេះគ្រោងនឹងប្រព្រឹត្តទៅតាមប្រព័ន្ធអនឡាញ ចាប់ពីម៉ោង ១៣: ៣០ ដល់ម៉ោង ១៤:៣០នាទី ម៉ោងនៅរាជធានីភ្នំពេញ នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ ដែលនឹងសម្របសម្រួលដោយលោកស្រី Li Lian Ong ប្រធានក្រុមត្រួតពិនិត្យហិរញ្ញវត្ថុនិងជាប្រធានក្រុមស្តីទីការឃ្លាំមើលថ្នាក់តំបន់របស់ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO)។
សន្និសីទរយៈពេល ២ថ្ងៃនេះ នឹងផ្តល់ជាវេទិកាសម្រាប់អ្នកបោះផ្សាយ អ្នកវិនិយោគ និងអ្នកបង្កើតគោលនយោបាយមកពីទ្វីបអាស៊ី អឺរ៉ុប និងអាមេរិក ដើម្បីពិចារណាលើជំហានបន្ទាប់សម្រាប់ការសម្របសម្រួលជាសកលឆ្ពោះទៅអនាគតប្រកបដោយចីរភាព មុនការចាប់ផ្តើមកិច្ចប្រជុំរដ្ឋមន្រ្តីហិរញ្ញវត្ថុ និងកិច្ចប្រជុំទេសាភិបាលធនាគារកណ្តាលលើកទី៣ របស់ក្រុមប្រទេស G-២០។ វាគ្មិនផ្សេងទៀតដែលនឹងចូលរួមក្នុងកិច្ចពិភាក្សានេះរួមមាន លោកស្រី Tokiko Shimizu ឧបការីទេសាភិបាលធនាគារកណ្ដាលជប៉ុន; លោកស្រី Suzanne Gaboury, អគ្គនាយកនៃនាយកដ្ឋានប្រតិបត្តិការវិស័យឯកជននៃធនាគារអភិវឌ្ឍន៍អាស៊ី; លោកស្រី Masyita Crystallin ទីប្រឹក្សាពិសេសរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុនិងអ្នកនាំពាក្យអាជ្ញាធរវិនិយោគឥណ្ឌូណេស៊ី; និងលោកស្រី Li Cui  នាយកគ្រប់គ្រងនិងជាប្រធានសេដ្ឋវិទូធនាគារសំណង់ចិន។
ដើម្បីចូលរួមក្នុងសន្និសីទនេះ សូមចុះឈ្មោះតាមតំណរភ្ជាប់ខាងក្រោម៖ https://www.maleki.de/future-europe-sustainable-europe-2021