ព័ត៌មាន
លោកជំទាវ ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា អញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីចុះអនុស្សរណៈយោគយល់ APIX តាមរយៈប្រព័ន្ធអនឡាញ
២៨ មេសា ២០២១

នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ លោកជំទាវ ជា សិរី ឧបការីទេសាភិបាល
និងជាអគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីចុះអនុស្សរណៈយោគយល់ APIX
តាមរយៈប្រព័ន្ធអនឡាញ រវាងអង្គភាពបណ្តាញការបង្កើតថ្មីនៃបច្ចេកវិទ្យាហិរញ្ញវត្ថុអាស៊ាន (ASEAN Financial
Innovation Network-AFIN) និង សមាគមហិរញ្ញវត្ថុនិងបច្ចេកវិទ្យាកម្ពុជា (CAFT)។ APIX (The
Application Programming Interface Exchange Platform) 
គឺជាផ្លេតហ្វមសម្រាប់ផ្ដល់កិច្ចសហការរវាងក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ និងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ក្នុងការភ្ជាប់ទំនាក់ទំនង, ធ្វើតេស្តសាកល្បង
និងស្វែងយល់បន្ថែមអំពីបច្ចេកវិទ្យាហិរញ្ញវត្ថុដោយប្រើប្រាស់ផ្លេតហ្វម API ចំហ, ផ្លេតហ្វម Sandbox  និងបច្ចេកវិទ្យា Cloud។ ការចុះអនុស្សរណៈយោគយល់ APIX
នេះនឹងផ្តល់ឱកាសដល់សហគមន៍បច្ចេកវិទ្យាហិរញ្ញវត្ថុ និងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជានិងសិង្ហបុរី
អាចចូលរួមក្នុងថ្នាលឆ្លាតវៃរបស់ APIX ដើម្បីធ្វើតេស្តសាកល្បងជាមួយគ្នាលើបច្ចេកវិទ្យាថ្មីៗតាមរយៈ Cloud
មុនពេលដាក់ឱ្យប្រើប្រាស់នៅលើទីផ្សារ។ ថ្លែងក្នុងឱកាសនេះដែរ
លោកជំទាវបានលើកឡើងអំពីការអភិវឌ្ឍនៃបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា
ដែលបានរួមចំណែកក្នុងការអភិវឌ្ឍវិស័យធនាគារតាមរយៈការដាក់ឱ្យប្រើប្រាស់សេវាធនាគារថ្មីៗប្រកបដោយនវានុវត្តតាមមធ្យោបាយឌីជីថល ឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ជាពិសេសក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩។
ទន្ទឹមនេះ
ការចុះអនុស្សរណៈយោគយល់នេះក៏នឹងឆ្លើយតបទៅនឹងការអនុវត្តគោលនយោបាយរបស់ធនាគារជាតិនៃកម្ពុជាក្នុងការលើកកម្ពស់បច្ចេកវិទ្យាហិរញ្ញវត្ថុ ជំរុញការតភ្ជាប់ប្រព័ន្ធទូទាត់ និងពង្រឹងបរិយាកាសទីផ្សារ
ដើម្បីគាំទ្រដល់នវានុវត្តហិរញ្ញវត្ថុក្នុងតំបន់ ផងដែរ។