ព័ត៌មាន
ពិធីចុះអនុស្សរណៈយោគយល់ស្តីពី កិច្ចសហប្រតិបត្តិការក្នុងការចែករំលែកព័ត៌មាន និងចំណេះដឹងផ្នែកបច្ចេកវិទ្យានិងនវានុវត្តន៍ រវាងធនាគារជាតិនៃកម្ពុជា និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍
២៩ មេសា ២០២១

នៅថ្ងៃព្រហស្បតិ៍ ៣រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៩
ខែមេសា ឆ្នាំ២០២១ ធនាគារជាតិនៃកម្ពុជាបានរៀបចំពិធីចុះអនុស្សរណៈយោគយល់ស្តីពី
កិច្ចសហប្រតិបត្តិការក្នុងការចែករំលែកព័ត៌មាន និងចំណេះដឹងផ្នែកបច្ចេកវិទ្យានិងនវានុវត្តន៍ រវាងធនាគារជាតិនៃកម្ពុជា
និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ ពិធីចុះអនុស្សរណៈយោគយល់នេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាពរបស់លោកជំទាវ ជា សិរី
ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា និង ឯកឧត្តម សុខ ពុទ្ធិវុធ
រដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ
និងមន្រ្តីពាក់ព័ន្ធនៃស្ថាប័នទាំងពីរ។
គោលបំណងនៃការចុះអនុស្សរណៈយោគយល់នេះគឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងធនាគារជាតិនៃកម្ពុជា
និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍លើផ្នែកពាក់ព័ន្ធនឹងបច្ចេកវិទ្យានិងនវានុវត្តន៍ឱ្យកាន់តែប្រសើរឡើង
ដែលនឹងរួមចំណែកក្នុងការជំរុញនវានុវត្តន៍ក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព និងបរិយាបន្ន
សំដៅរួមចំណែកគាំទ្រដល់ការអនុវត្តគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលរបស់រាជរដ្ឋាភិបាល។ លើសពីនេះ អនុស្សរណៈយោគយល់នេះក៏ជាថ្នាលសម្រាប់ពង្រឹងសមត្ថភាព
និងចំណេះដឹងផ្នែកបច្ចេកវិទ្យានិងនវានុវត្តន៍របស់មន្ត្រីពាក់ព័ន្ធនៃស្ថាប័នទាំងពីរ ដើម្បីអនុវត្តការងារផ្សេងៗឱ្យកាន់តែមានប្រសិទ្ធភាព
ឆ្លើយតបទៅនឹងតម្រូវការនិងការរីកចម្រើននៃបច្ចេកវិទ្យានាពេលបច្ចុប្បន្ន។