ព័ត៌មាន
វេទិកា​ប្រព័ន្ធ​អេកូឡូស៊ី​សម្រាប់​សហគ្រិនភាព​ស្តី​ពី​ “​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន​សម្រាប់​សហគ្រិន​ស្ត្រី​ក្នុង​សម័យ​កូ​វី​ដ​-១៩”​
០៤ កុម្ភៈ ២០២១

នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍​ ៧​រោច​ ខែមាឃ​ ឆ្នាំជូត​ ទោស័ក​ ព​.​ស​.២៥៦៤​ ត្រូវ​នឹង​ថ្ងៃ​ទី​៤​ ខែកុម្ភៈ​ ឆ្នាំ​២០២១​ ឯក​ ឧត្តម​ រ័​ត្ន​ សុវណ្ណ​នរៈ​ អគ្គនាយក​ត្រួតពិនិត្យ​ តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​ ឯកឧត្តម​ ជា​ ចាន់​តូ​ ទេសាភិបាល​ ធនាគារ​ ជាតិ​នៃ​កម្ពុជា​ បាន​អញ្ជើញ​ចូលរួម​ជា​គណៈអធិបតី​ក្នុង​វេទិកា​ប្រព័ន្ធ​អេកូឡូស៊ី​សម្រាប់​សហគ្រិនភាព​ស្តី​ពី​ “​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន​សម្រាប់​សហគ្រិន​ស្ត្រី​ក្នុង​សម័យ​កូ​វី​ដ​-១៩”​ នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ​ភូ​គី​ត្រា​ ។​ វេទិកា​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ក្នុង​គោលបំណង​ចែករំលែក​ព័ត៌មាន​និង​ចំណេះដឹង​ពាក់ព័ន្ធ​នឹង​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន​របស់​ស្ត្រី​ ជា​ពិសេស​សហគ្រិន​ជា​ស្ត្រី​ បង្កើត​បរិយាកាស​អំណោយផល​សម្រាប់​តួអង្គ​សំខាន់ៗ​និង​ស្ថាប័ន​ពាក់ព័ន្ធ​របស់​ប្រព័ន្ធ​អេកូឡូស៊ី​សហគ្រិនភាព​ និង​ជំរុញ​គ្រឹះស្ថាន​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ផ្លូវការ​ឱ្យ​ពិចារណា​ អំពី​ការ​អភិវឌ្ឍ​ផលិតផល​និង​សេវា​ឱ្យ​ស្រប​ទៅ​នឹង​តម្រូវការ​របស់​សហគ្រិន​ស្ត្រី​ ពិសេស​សហគ្រិន​ស្ត្រី​វ័យក្មេង​។​
​ឯកឧត្តម​ អគ្គនាយក​ត្រួតពិនិត្យ​ បាន​ជម្រាប​ជូន​អង្គ​វេទិកា​ថា​ បរិ​យា​បន្ន​ហិរញ្ញវត្ថុ​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​រួមចំណែក​កាត់​បន្ថយ​ភាព​ក្រីក្រ​ និង​លើកកម្ពស់​វិបុលភាព​នៅ​កម្ពុជា​។​ ដូច្នេះ​ ការ​ជំរុញ​លទ្ធភាព​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​មាន​តម្លៃ​សមរម្យ​និង​មានការ​ត្រួតពិនិត្យ​ត្រឹមត្រូវ​គឺជា​សកម្មភាព​អាទិភាព​របស់​ធនាគារជាតិ​នៃ​កម្ពុជា​។​ ទោះ​យ៉ាងណា​ ការ​លើកកម្ពស់​បរិ​យា​បន្ន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ នៅ​មាន​បញ្ហា​ប្រឈម​មួយ​ចំនួន​ ពិសេស​សម្រាប់​ស្ត្រី​ ។​