ព័ត៌មាន
សិក្ខាសាលា​ថ្នាក់​ក្រុង​ ស្តី​ពី​ “​វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​”​ នៅ​ក្រុង​ស្ទឹង​ត្រែង​ ខេត្តស្ទឹងត្រែង​
១១ កញ្ញា ២០២០

នា​ព្រឹក​ថ្ងៃ​សុក្រ​ ៩​រោច​ ខែភទ្របទ​ ឆ្នាំជូត​ ទោស័ក​ ព​.​ស​.២៥៦៤​ ត្រូវ​នឹង​ថ្ងៃ​ទី​១១​ ខែកញ្ញា​ ឆ្នាំ​២០២០​ ធនាគារជាតិ​នៃ​កម្ពុជា​ បាន​សហការ​ជាមួយ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​ រៀបចំ​សិក្ខាសាលា​ថ្នាក់​ក្រុង​ ស្តី​ពី​ “​វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​”​ នៅ​ក្រុង​ស្ទឹង​ត្រែង​ ខេត្តស្ទឹងត្រែង​។​ សិក្ខាសាលា​នេះ​ ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព​របស់​ ឯកឧត្តម​ រ័​ត្ន​ សុវណ្ណ​នរៈ​ តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​ ឯកឧត្តម​ ជា​ ចាន់​តូ​ ទេសាភិបាល​ ធនាគារជាតិ​នៃ​កម្ពុជា​ ដោយ​មានការ​ចូលរួម​ពី​ លោក​ និ​ន​ សុខ​ស្តី​ សមាជិក​ក្រុមប្រឹក្សាភិបាល​ក្រុង​ស្ទឹង​ត្រែង​ លោក​ សាយ​ កុសល​ អភិបាល​នៃ​គណៈ​អភិបាលក្រុង​ស្ទឹង​ត្រែង​ អនុប្រធាន​និង​សមាជិក​ក្រុមប្រឹក្សាភិបាល​សមាគម​មីក្រូហិរញ្ញវត្ថុ​ មន្ត្រី​ធនាគារជាតិ​នៃ​កម្ពុជា​ បុគ្គលិក​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ និង​អាជ្ញាធរ​មូលដ្ឋាន​សរុប​ប្រមាណ​ ១០០​នាក់​។​ សិក្ខាសាលា​នេះ​ត្រូវ​បាន​រៀបចំ​ទ្បើ​ង​ក្នុង​គោលបំណង​ផ្សព្វផ្សាយ​អំពី​ ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ និង​និន្នាការ​ថ្មីៗ​ របស់​វិស័យ​ធនាគារ​និង​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​ ជា​ពិសេស​អំពី​វិធានការ​នានា​របស់​ធនាគារជាតិ​នៃ​កម្ពុជា​ ដែល​បាន​ដាក់​ចេញ​កន្លង​មក​ និង​នា​ពេល​អនាគត​ ដើម្បី​សម្រាល​បន្ទុក​អ្នក​ខ្ចីប្រាក់​ និង​ការពារ​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ​ដែល​កំពុង​រង​ផល​ប៉ះពាល់​នៃ​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩​។​ នៅ​ក្នុង​សិក្ខាសាលា​នេះ​ មន្ត្រី​ធនាគារជាតិ​នៃ​កម្ពុជា​ បាន​គូសបញ្ជាក់​ និង​ ផ្តល់​អនុសាសន៍​មួយ​ចំនួន​ បន្ថែម​លើ​វិធានការ​ជា​ច្រើន​របស់​ធនាគារជាតិ​នៃ​កម្ពុជា​ កន្លង​មក​ រួម​មាន​៖​ ១/-​ គ្រឹះស្ថាន​ធនាគារ​និង​មីក្រូហិរញ្ញវត្ថុ​ ត្រូវ​បន្ត​យកចិត្តទុកដាក់​ដោះស្រាយ​បញ្ហា​ជាមួយ​អតិថិជន​ប្រកបដោយ​ភាព​ទន់ភ្លន់​និង​អនុគ្រោះ​ ស្រប​តាម​ស្មារតី​នៃ​សារាចរ​ណែនាំ​របស់​ធនាគារជាតិ​នៃ​កម្ពុជា​ស្តី​ពី​ការ​រៀបចំ​ឥណទាន​ទ្បើ​ង​វិញ​ សម្រាប់​គ្រប់​វិស័យ​ ២/-​ អាជ្ញាធរ​មូលដ្ឋាន​ និង​គ្រឹះស្ថាន​ធនាគារ​និង​មីក្រូហិរញ្ញវត្ថុ​ ត្រូវ​ចូលរួម​សហការ​យ៉ាង​ជិត​ស្និទ្ធ​ដើម្បី​ទប់ស្កាត់​សកម្មភាព​ដែល​មាន​ចេតនា​បំពុលបរិយាកាស​ និង​ញុះញង់​បង្ក​ជា​បញ្ហា​សង្គម​ និង​អ​ស្ថិរភាព​វិស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ និង​ ៣/-​ បន្ត​រក្សា​អនាម័យ​ និង​សុខភាព​របស់​ខ្លួន​ និង​ក្រុម​គ្រួសារ​ ដើម្បី​ជៀស​ផុត​ពី​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​។​