ព័ត៌មាន
ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា អនុញ្ញាតឱ្យឯកឧត្តម MIKAMI Masahiro ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពជប៉ុនប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម
១៥ មិថុនា ២០២០

នាព្រឹកថ្ងៃចន្ទ ១០រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម MIKAMI Masahiro ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពជប៉ុនប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម នៅធនាគារជាតិនៃកម្ពុជា។ ឯកឧត្តម ទេសាភិបាល បានស្វាគមន៍ ឯកឧត្តម MIKAMI Masahiro ដែលមកបំពេញបេសកកម្មនៅកម្ពុជា និងបានបន្តពង្រឹងកិច្ចសហប្រតិបត្តិការដ៏រឹងមាំនៃប្រទេសទាំងពីរ។ ឯកឧត្តម ទេសាភិបាល បានជម្រាបជូនពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា ដែលទទួលរងផលប៉ះពាល់ពីការរីករាលដាលការឆ្លងជំងឺកូវីដ១៩ និងពីវិធានការដែលរាជរដ្ឋាភិបាលនិងធនាគារជាតិនៃកម្ពុជា បានដាក់ចេញ ដើម្បីកាត់បន្ថយផលប៉ះពាល់មកលើវិស័យនានានិងប្រជាជនដែលងាយរងគ្រោះ។ 
ឯកឧត្តម ឯកអគ្គរាជទូតជប៉ុន បានអបអរសាទររាជរដ្ឋាភិបាលកម្ពុជា ដែលបានគ្រប់គ្រងការរីករាលដាលការឆ្លងជំងឺកូវីដ១៩ នៅកម្ពុជាប្រកបដោយប្រសិទ្ធភាព ហើយឯកឧត្តម ក៏បានបង្ហាញពីការបន្តគាំទ្ររបស់រាជរដ្ឋាភិបាលជប៉ុន ចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺ ការបន្តផ្តល់ជំនួយ ក៏ដូចជាការបង្កើនការវិនិយោគរបស់ជប៉ុនដែលក្នុងនោះរួមមានការវិនិយោគនៅក្នុងវិស័យធនាគារផងដែរ តាមរយៈវត្តមានរបស់ធនាគារជប៉ុននិងការរួមចំណែកជាភាគទុនិកនៅក្នុងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុមួយចំនួននៅកម្ពុជា។ ឯកឧត្តម ឯកអគ្គរាជទូតជប៉ុន ក៏បានពាំនាំនូវការពេញចិត្តរបស់វិនិយោគិនជប៉ុនចំពោះវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជានិងធនាគារជាតិនៃកម្ពុជា ដែលបានអនុវត្តកន្លងមក សំដៅរក្សាជំនឿទុកចិត្តដល់វិនិយោគិននិងអនុគ្រោះដល់អាជីវកម្មដែលរងផលប៉ះពាល់។


ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ទេសាភិបាល ក៏បានជម្រាបជូនពីប្រវត្តិរូបិយវត្ថុកម្ពុជា និងកិច្ចសហប្រតិបត្តិការរវាងជប៉ុន-កម្ពុជា ដែលមានតាំងពីយូរលង់ណាស់មកហើយ និងបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលនិងប្រជាជនជប៉ុន ដែលបានរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ និងធនធានមនុស្សនៅកម្ពុជា។ ដោយឡែក បន្ថែមលើការអភិវឌ្ឍធនធានមនុស្សនៅធនាគារជាតិនៃកម្ពុជា តាមរយៈអាហារូបករណ៍ជារៀងរាល់ឆ្នាំ ភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ក៏បានជួយសិក្សាពីការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលនៅកម្ពុជា តាំងពីឆ្នាំ២០១៣ មកផងដែរ។