ព័ត៌មាន
ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ចូលរួមតាមរយៈ video conference ក្នុងកិច្ចប្រជុំរវាងលោកជំទាវ Kristalina Georgieva នាយិកាមូលនិធិរូបិយវត្ថុអន្តរជាតិ ជាមួយរដ្ឋមន្ត្រីហិរញ្ញវត្ថុនិងទេសាភិបាលធនាគារកណ្តាលអាស៊ាន
២៤ មេសា ២០២០

កាលពីថ្ងៃសុក្រ ៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានចូលរួមតាមរយៈ video conference ក្នុងកិច្ចប្រជុំរវាងលោកជំទាវ Kristalina Georgieva នាយិកាមូលនិធិរូបិយវត្ថុអន្តរជាតិ ជាមួយរដ្ឋមន្ត្រីហិរញ្ញវត្ថុនិងទេសាភិបាលធនាគារកណ្តាលអាស៊ាន។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ក្នុងអំឡុងកិច្ចប្រជុំនិទាឃរដូវរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ ដែលឆ្នាំនេះត្រូវបានធ្វើឡើងតាមប្រព័ន្ធអនឡាញ។ កិច្ចប្រជុំឆ្នាំនេះ មានគោលបំណងផ្តល់ឱកាសជូននាយិកាមូលនិធិរូបិយវត្ថុអន្តរជាតិ បានជួបពិភាក្សាជាមួយថ្នាក់ដឹកនាំវិស័យហិរញ្ញវត្ថុអាស៊ាន លើស្ថានភាពសេដ្ឋកិច្ច ការអនុវត្តគោលនយោបាយសេដ្ឋកិច្ច និងការស្នើសុំជំនួយពីមូលនិធិរូបិយវត្ថុអន្តរជាតិ ជាពិសេសក្នុងស្ថានភាពបច្ចុប្បន្ន ដើម្បីបង្ការ ដោះស្រាយ និងគាំទ្រ ក្នុងដំណាក់កាលដែលប្រទេសនានាលើពិភពលោកប្រឈមនឹងជំងឺកូវីដ១៩។ ជារួម មូលនិធិរូបិយវត្ថុអន្តរជាតិបានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការពង្រឹងការផ្តល់ជំនួយបច្ចេកទេស ជាពិសេសការបង្កើនសមត្ថភាពផ្តល់សន្ទនីយភាពដើម្បីជួយដល់ប្រទេសជាសមាជិក ដែលជួបប្រទះនឹងការខ្វះខាតសន្ទនីយភាពជាប្រាក់ដុល្លារអាមេរិក តាមរយៈការផ្តល់កម្ចីក្នុងកម្មវិធីនានា ទៅតាមស្ថានភាពនៃផលប៉ះពាល់។