ព័ត៌មាន
លោក​ជំទាវ​ នាវ​ ច័ន្ទ​ថា​ណា​ ទេសាភិបាល​រង​ ធនាគារជាតិ​នៃ​កម្ពុជា​ អនុញ្ញាត​ឲ្យ​គណៈប្រតិភូ​ក្រុមប្រឹក្សាភិបាល​របស់​ធនាគារ​ ស៊ី​អាយ​អិ​ម​ប៊ី​ ភី​អិ​ល​ស៊ី​ ចូល​ជួប​សម្តែង​ការ​គួរសម​
២៩ វិចិ្ឆកា ២០១៩

នា​ថ្ងៃ​ព្រហស្បតិ៍​ ៣​កើត​ ខែ​មិគសិរ​ ឆ្នាំកុរ​ ឯកស័ក​ ព​.​ស​.២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​២៩​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​ លោក​ជំទាវ​ នាវ​ ច័ន្ទ​ថា​ណា​ ទេសាភិបាល​រង​ ធនាគារជាតិ​នៃ​កម្ពុជា​ បាន​អនុញ្ញាត​ឲ្យ​គណៈប្រតិភូ​ក្រុមប្រឹក្សាភិបាល​របស់​ធនាគារ​ ស៊ី​អាយ​អិ​ម​ប៊ី​ ភី​អិ​ល​ស៊ី​ ដែល​ដឹកនាំ​ដោយ​ Datuk​ Mohd​ Nasir​ Bin​ Ahmad​ ប្រធាន​ក្រុមប្រឹក្សាភិបាល​ ដើម្បី​ចូល​ជួប​សម្តែង​ការ​គួរសម​ និង​រាយការណ៍​អំពី​វឌ្ឍនភាព​ និង​ផែនការអាជីវកម្ម​របស់​ធនាគារ​ ស៊ី​អាយ​អិ​ម​ប៊ី​ ភី​អិ​ល​ស៊ី​។​ នៅ​ក្នុង​កិច្ច​ជំនួប​នេះ​ លោក​ប្រធាន​ក្រុមប្រឹក្សាភិបាល​របស់​ធនាគារ​ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ធនាគារជាតិ​នៃ​កម្ពុជា​ដែល​បាន​គាំទ្រ​ដល់​ប្រតិបត្តិការ​របស់​ធនាគារ​ និង​សន្យា​ខិតខំ​ពង្រឹង​និង​ពង្រីក​សកម្មភាព​របស់​ខ្លួន​ក្នុង​ការ​ចូលរួម​កសាង​ប្រព័ន្ធ​ធនាគារ​ឲ្យ​បាន​រឹង​មាំ​ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​ជាមួយ​រាជរដ្ឋាភិបាល​។​ លោក​ជំទាវ​ទេសាភិបាល​រង​ បាន​សាទរ​នឹង​លទ្ធផល​រីក​ចម្រើន​របស់​ធនាគារ​ដែល​ទទួល​បាន​កន្លង​មក​ និង​រំពឹង​ថា​ធនាគារ​ ស៊ី​អាយ​អិ​ម​ប៊ី​ ភី​អិ​ល​ស៊ី​ នឹង​បន្ត​កំណើន​នេះ​កាន់តែ​ខ្លាំង​ជាង​មុន​ និង​ស្នើ​ឲ្យ​ធនាគារ​ចូលរួម​ចំណែក​បន្ថែម​ក្នុង​ការ​អភិវឌ្ឍ​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​ពិសេស​ផ្តល់​លទ្ធភាព​ដល់​ប្រជាជន​ដែល​នៅ​ទី​ជនបទ​ និង​ស្ត្រី​ដើម្បី​ទទួល​បាន​នូវ​សេវា​ហិរញ្ញវត្ថុ​។​