ព័ត៌មាន
ការ​ចុះ​អនុស្សរណៈ​យោគយល់​ រវាង​ធនាគារជាតិ​នៃ​កម្ពុជា​ និង​ក្រុមហ៊ុន​ វី​សា​ ដើម្បី​បន្ត​សហការ​លើ​គម្រោង​លើកកម្ពស់​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ និង​ការ​ដាក់​ឱ្យ​ប្រើប្រាស់​សាកល្បង​កម្មវិធី​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​តាម​ទូរស័ព្ទ​ចល័ត​
១៨ កញ្ញា ២០១៨

នៅ​ថ្ងៃ​អង្គារ​ ៩​កើត​ ខែភទ្របទ​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព​.​ស​.២៥៦២​ ត្រូវ​នឹង​ថ្ងៃ​ទី​១៨​ ខែកញ្ញា​ ឆ្នាំ​២០១៨​ ធនាគារជាតិ​នៃ​កម្ពុជា​ និង​ក្រុមហ៊ុន​ វី​សា​ បាន​ចុះ​អនុស្សរណៈ​យោគយល់​ដើម្បី​បន្ត​សហការ​លើ​គម្រោង​លើកកម្ពស់​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ តាម​រយៈ​ការ​ដាក់​ឱ្យ​ប្រើប្រាស់​សាកល្បង​កម្មវិធី​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​តាម​ទូរស័ព្ទ​ចល័ត​។​ ពិធី​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​នៅ​សណ្ឋាគារ​ Sofitel​ Phnom​ Penh​ Phokeethra​ ក្រោម​អធិបតីភាព​ លោក​ជំទាវ​ ជា​ សិរី​ ឧបការី​ទេសាភិបាល​ និង​ជា​អគ្គនាយក​បច្ចេកទេស​ ធនាគារជាតិ​នៃ​កម្ពុជា​។​ ធនាគារជាតិ​នៃ​កម្ពុជា​ និង​ក្រុមហ៊ុន​ វី​សា​ នឹង​បន្ត​សហការ​គ្នា​ក្នុង​យុទ្ធនាការ​ដើម្បី​លើកកម្ពស់​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​និង​ពង្រីក​ការ​ចូលរួម​ផ្សព្វផ្សាយ​អំពី​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ទៅ​កាន់​ប្រជាជន​កម្ពុជា​គ្រប់​វ័យ​។​ កម្មវិធី​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​តាម​ទូរស័ព្ទ​ចល័ត​នេះ​ជា​ប្រភព​នៃ​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​តាម​ប្រព័ន្ធ​ឌី​ជី​ថ​ល​ ដែល​អាច​ទាញ​យក​ដោយ​ឥត​គិតថ្លៃ​ តាម​រយៈ​កម្មវិធី​ Google​ Play​ និង​ App​ Store​។​ ធនាគារជាតិ​នៃ​កម្ពុជា​បាន​កំណត់​ទិស​ដៅ​នៃ​ការ​ពង្រីក​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ដល់​ប្រជាជន​ទូទៅ​ ពិសេស​កុមារ​ពី​កម្រិត​បឋម​ដល់​កម្រិត​ទុតិយភូមិ​។​