ព័ត៌មាន
លោក​ជំទាវ​ នាវ​ ច័ន្ទ​ថា​ណា​ ទេសាភិបាល​រង​ធនាគារជាតិ​នៃ​កម្ពុជា​ ជួប​ពិភាក្សា​ការងារ​ជាមួយ​ក្រុម​បេសកកម្ម​ធនាគារអភិវឌ្ឍន៍អាស៊ី​
០៨ កុម្ភៈ ២០១៨

នៅថ្ងៃព្រហស្បតិ៍ ៨រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៨ លោកជំទាវ នាវ ច័ន្ទថាណា ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ ក្រុមបេសកកម្មធនាគារអភិវឌ្ឍន៍អាស៊ី ដែលដឹកនាំដោយលោក Doukas Doukidis មន្ត្រីជំនាញផ្នែកវិនិយោគ នៃការិយាល័យគ្រប់គ្រងផលបត្រវិស័យឯកជននៃធនាគារអភិវឌ្ឍន៍អាស៊ី។ គោលបំណងនៃជំនួបនេះ គឺដើម្បីពិភាក្សាស្វែងយល់អំពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជា, ការរីកចម្រើននៃវិស័យធនាគារ, ក្របខ័ណ្ឌច្បាប់និងបទបញ្ញតិ្តនិងការអនុវត្ត Basel III, ប្រសិទ្ធភាពគោលនយោបាយរូបិយវត្ថុក្នុងសេដ្ឋកិច្ចដុល្លារូប-នីយកម្មខ្ពស់, យុទ្ធសាស្ត្រលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលនិងការផ្តល់សន្ទនីយភាពជារូបិយវត្ថុជាតិ និងការយល់ឃើញរបស់ធនាគារជាតិនៃកម្ពុជាលើការទាក់ទាញការវិនិយោគនិងកម្ចីបរទេសក្នុងវិស័យហិរញ្ញវត្ថុក្នុងស្រុក។ លោកជំទាវទេសាភិបាលរង និងមន្ត្រីជំនាញធនាគារជាតិនៃកម្ពុជាបានជម្រាបជូនពីការរីកចម្រើនទាំងវិស័យសេដ្ឋកិច្ច ធនាគារនិងហិរញ្ញវត្ថុរបស់កម្ពុជាដែលទាំងនេះ កើតចេញពីស្ថិរភាពនយោបាយ ដែលជាកត្តាអំណោយផលដល់ការវិនិយោគបរទេស។ទន្ទឹមនេះ លោកជំទាវក៏បានស្នើឱ្យធនាគារអភិវឌ្ឍន័អាស៊ីបន្តគាំទ្រផ្នែកហិរញ្ញវត្ថុដល់វិស័យឯកជន ជាពិសេស ដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលមានទំនាក់ទំនងផ្ទាល់ជាមួយប្រជាជននៅតាមជនបទ សំដៅលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគាត់។ ជាកិច្ចឆ្លើយតប ធនាគារអភិវឌ្ឍន៍អាស៊ីបានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ ក៏ដូចជាមន្ត្រីធនាគារជាតិនៃកម្ពុជា ហើយផ្អែកលើលទ្ធផលនៃកិច្ចពិភាក្សានេះ ធនាគារអភិវឌ្ឍន៍អាស៊ីនឹងពិចារណាផ្តល់ការគាំទ្របន្ថែមទៀត ជាពិសេសក្នុងការវិនិយោគលើផលបត្រវិស័យឯកជនក្នុងវិស័យធនាគារនៅកម្ពុជា។