ពណ៌​ផ្ទៃៈ ពណ៌ចម្បងគឺពណ៌ស្វាយ ពណ៌ស៊ីជំពូ និងពណ៌ខៀវ
ផ្ទៃខាងមុខៈ ផ្នែកកណ្តាល ខាងស្ដាំត្រូវបានរំលេចឡើងនូវព្រះឆាយាល័ក្ខណ៍មើលចំពីមុខ នៃ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់គ្រឿងព្រះមហាក្សត្រ ដែលផ្ទៃខាងក្រោយត្រូវបានតែងលំអដោយក្បាច់ចម្លាក់ជាប្រពៃណីក្នុងព្រះបរមរាជវាំងភ្នំពេញ ព្រមជាមួយអក្សរ “មួយម៉ឺនប្រាំពាន់រៀល” នៅខាងក្រោម។ ខាងឆ្វេងមានលេខ “១៥០០០” នៅពីលើ ព្រមទាំងហត្ថលេខារបស់ទេសាភិបាល និងអគ្គបេឡាខិតមកក្រោមមានរូបចម្លាក់នាគក្បាល៧ នៅប្រាសាទអង្គរវត្ត និងមានបង្អួចថ្លារាងចតុកោណស្មើបញ្ឈរកែង ដែលមានសមាសធាតុជាប៉ូលីមើរនៅអមក្បែរនោះ។

ផ្នែកខាងស្តាំ ខាងលើមានអក្សរ “ធនាគារជាតិនៃកម្ពុជា” ខិតមកក្រោមមានលេខមាលាបោះពុម្ភដោយទឹកខ្មៅពីរពណ៌ គឺតួមាលានិងលេខ “15” បោះពុម្ភដោយទឹកខ្មៅពណ៌ក្រហម និងលេខ៦ ខ្ទង់ទៀតបោះពុម្ភដោយទឹកខ្មៅពណ៌ខ្មៅនៅពីក្រោមមានលេខ “១៥០០០” និង “15000” និងមានអក្សរ “អ្នកក្លែងក្រដាសប្រាក់នឹងត្រូវផ្តន្ទាទោសតាមច្បាប់” នៅគែមខាងក្រោម។ នៅគែមខាងស្ដាំងនៃក្រដាស់ប្រាក់ មានរូបភាពអង្គដៅចំណាំបោះពុម្ពតាមបន្ទាត់បញ្ឈរដែលឆ្លុះឃើញលេខ “15000”។

ផ្នែកខាងឆ្វេង ខាងលើមានរូបព្រះសង្ហានៃព្រះរាជាណាចក្រកម្ពុជា និងមានលេខ “15000” ព្រាលៗបោះពុម្ពតាមបន្ទាត់បញ្ឈរនៅពីក្រោមនោះ ព្រមជាមួយបន្ទះហូឡូក្រាមទំហំ១០មម កាត់ទទឹងផ្ទៃក្រដាសប្រាក់ពីលើដល់ក្រោម។ នៅជ្រុងខាងក្រោមមានគំនូសបន្ទាត់សម្រាប់ផ្ទៀងផ្ទាត់ និងនិមិត្តសញ្ញាពិសេសសម្គាល់ប្រភេទប្រាក់សម្រាប់ជនពិការភ្នែក។
ផ្ទៃខាងខ្នងៈ ផ្នែកកណ្តាល ត្រូវត្រូវបានរំលេចឡើងនូវព្រះឆាយាល័ក្ខណ៍ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា រូមជាមួយព្រះវររាជបិតា និងព្រះវររាជមាតា ក្នុងព្រះរាជពិធីស្រោចស្រពព្រះគន្ធវារី និងមានអក្សរ “មួយម៉ឺនប្រាំពាន់រៀល” នៅពីខាងក្រោម និងអក្សរ “Congratulations the 15th Anniversary of the Coronation of His Majesty Preah Bat Samdach Preah Boromneth NORODOM SIHAMONI (29 October 2004-29 October 2019)” នៅគែមក្រដាសប្រាក់។

ផ្នែកខាងស្តាំ ខាងស្ដាំត្រូវបានរំលេចឡើងនូវរូបវិមានឈ្នះឈ្នះ ព្រមទាំងរូបសម្លាក់ថ្ម ដំរីក្បាលបីមានស្លាប-គ្រុឌ-ហង្ស នៅជ្រុងទាំង ៤ នៃខឿនវិមានឈ្នះឈ្នះ និងមានបង្អួចថ្លារាងចតុកោណស្មើបញ្ឈរកែងមានសមាសភាពជាប៉ូលីមើរ នៅផ្នែកខាងក្រោម ព្រមជាមួយខ្សែសុវត្តិភាពទំហំ៤មម នៅផ្នែកខាងឆ្វេង។ នៅជ្រុងលើខាងស្ដាំមានលេខ “15000” ដែលត្រូវបានបោះពុម្ពតាមបន្ទាត់បញ្ឈរ។

ផ្នែកខាងឆ្វេង ខាងលើមានអក្សរ “ធនាគារជាតិនៃកម្ពុជា” និងអក្សរ “NATIONAL BANK OF CAMBODIA” ខិតមកក្រោមមានចារឹកអក្សរ “អបអរសាទរខួប ១៥ឆ្នាំ នៃការគ្រងរាចសម្បត្តិ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ( ២៩ តុលា ២០០៤ - ២៩ តុលា ២០១៩)” ព្រមទាំងលេខ “2019” និងលេខ “15000” នៅពីក្រោមនោះ។ នៅគែមខាងឆ្វេងនៃក្រដាសប្រាក់មានរូបភាពអង្គដៅចំណាំ បោះពុម្ពតាមបន្ទាត់បញ្ឈរ ដែរឆ្លុះឃើញលេខ “15000”។