ពណ៌​ផ្ទៃៈ ពណ៌ទឹកសមុទ្រ ពណ៌ទឹកក្រូច និងពណ៌ត្នោត
ផ្ទៃខាងមុខៈ ផ្នែកកណ្តាល ខាងស្តាំត្រូវបានរំលេចឡើងនូវព្រះឆាយាល័ក្ខណ៍នៃ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី មើលពីមុខបញ្ឆិតចំហៀងខាងឆ្វេង និងមានរូបក្បាច់ចម្លាក់ប្រាសាទបន្ទាយស្រីនៅពីក្រោម ខាងឆ្វេងមានលេខ “១០០០០” នៅពីលើគេបន្ទាប់មកគឺជាហត្ថលេខារបស់ទេសាភិបាលនិងអគ្គបេឡា ព្រមទាំងរូបចម្លាក់ហោជាងប្រាសាទក្នុងព្រះបរមរាជវាង និងនៅពីក្រោមមានលេខ-មាលាបោះពុម្ពដោយទឹកខ្មៅពណ៌ខ្មៅរូបចម្លាក់នាគក្បាល ៧ នៅប្រាសាទធម្មនន្ទ និងអក្សរ “មួយម៉ឺនរៀល” ព្រមទាំងអក្សរ “អ្នកក្លែងក្រដាស់ប្រាក់នឹងត្រូវផ្តន្ទាទោសតាមច្បាប់” នៅគែមខាងក្រោមនោះ។

ផ្នែកខាងស្តាំ ជ្រុងលើមានអក្សរ “ធនាគារជាតិនៃកម្ពុជា” ជ្រុងក្រោមមានលេខ -មាលាបោះពុម្ពដោយទឹកខ្មៅពណ៌ក្រហម និងមានលេខ “១០០០០” ព្រមជាមួយលេខ “10000” នៅពីក្រោមនោះ និងនៅគែមក្រដាស់ប្រាក់មានរូបភាពអង្គដៅចំណាំត្រូវបានបោះពុម្ពតាមបន្ទាត់បញ្ឈរដែលនឹងចេញលេខ “10000” ពេលមើលឆ្លុះទៅរកប្រភពពន្លឺអ្វីមួយ។

ផ្នែកខាងឆ្វេង មានលេខ “10000” ព្រាលៗបោះពុម្ពតាមបន្ទាត់បញ្ឈរ ព្រមទាំងមាននិមិត្តសញ្ញាពិសេសសម្រាប់ជនពិការភ្នែកនៅពីក្រោមនោះ និងនៅកៀនខាងឆ្វេងមានបន្ទះហូឡូក្រាមទំហំ ១០មម ប្រកបដោយបច្ចេកវិទ្យាទំនើបនិងស្តង់ដារកំរិតខ្ពស់ កាត់ទទឹងក្រដាសប្រាក់ពីលើដល់ក្រោម។
ផ្ទៃខាងខ្នងៈ ផ្នែកកណ្តាល ត្រូវបានរំលេចឡើងនូវរូបភាពប្រាសាទនាគព័ន្ធក្នុងខេត្តសៀមរាបនិងមានអក្សរ “មួយម៉ឺនរៀល” នៅពីក្រោមនោះ។

ផ្នែកខាងស្តាំ មានរូបចម្លាក់ថ្មពលហៈ (ជាព្រះពោធិសត្វ) នៅក្នុងប្រាសាទនាគព័ន្ធនិងមានលេខ “១០០០០” នៅពីក្រោមនោះ ព្រមទាំងលេខ “10000” ដែលត្រូវបានបោះពុម្ពតាមបន្ទាត់បញ្ឈរនៅជ្រុងខាងលើ។

ផ្នែកខាងឆ្វេង ខាងលើមានអក្សរ “ធនាគារជាតិនៃកម្ពុជា” និងអក្សរ “NATIONAL BANK OF CAMBODIA” នៅបន្ទាប់គ្នា ខាងក្រោមមានលេខ “១០០០០” ព្រមជាមួយលេខ “2015” នៅពីលើនោះ និងនៅគែមក្រដាសប្រាក់មានរូបភាពអង្គដៅចំណាំត្រូវបានបោះពុម្ពតាមបន្ទាត់បញ្ឈរ ដែលចេញជាលេខ “10000” ពេលមើលឆ្លុះទៅរកប្រភពពន្លឺអ្វីមួយ ។