ពណ៌​ផ្ទៃៈ ពណ៌ស្លាទុំ និងពណ៌ត្នោត
ផ្ទៃខាងមុខៈ ផ្នែកកណ្តាល ខាងស្តាំត្រូវបានរំលេចឡើងនូវព្រះឆាយាល័ក្ខណ៍មើលចំពីមុខ នៃ ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តម សីហនុ កាលពីព្រះអង្គកំពុងសាងព្រះផ្នួស ខាងឆ្វេងមានលេខ “១០០” នៅពីលើគេ បន្ទាប់មកគឺជាហត្ថលេខារបស់ទេសាភិបាលនិងអគ្គបេឡា ព្រមទាំងរូបព្រះអង្គផ្ចាញ់មា និងនៅពីក្រោមមានលេខ-មាលាបោះពុម្ពដោយទឹកខ្មៅពណ៌ខ្មៅរូបចម្លាក់នាគក្បាល ៥ពាំផ្កា និងអក្សរ “មួយរយរៀល” ព្រមទាំងអក្សរ “អ្នកក្លែងក្រដាសប្រាក់នឹងត្រូវផ្តន្ទាទោសតាមច្បាប់” នៅគែមខាងក្រោមនោះ។

ផ្នែកខាងស្តាំ ជ្រុងលើមានអក្សរ “ធនាគារជាតិនៃកម្ពុជា” និងជ្រុងក្រោមមានលេខ “១០០” ព្រមជាមួយលេខ “100” នៅពីក្រោមនោះ។

ផ្នែកខាងឆ្វេង មានលេខ “100” ព្រាល់ៗបោះពុម្ពតាមបន្ទាត់បញ្ឈរ ព្រមទាំងរូបភាពក្បាច់លំអពណ៌ប្រាក់ក្លាយពីក្បាច់អង្គរក្នុងទម្រង់ពងត្រីបំបែក បោះពុម្ពកាត់ទទឹងក្រដាស់ប្រាក់ពីលើដល់ក្រោម និងជ្រុងក្រោមមានគំនូសបន្ទាត់ខ្លីៗជាច្រើនបង្កើតឡើងដោយលេខ “១០០” ដ៏តូចល្អិត។
ផ្ទៃខាងខ្នងៈ ផ្នែកកណ្តាល រូបភាពត្រូវបានរំលេចឡើងគឺជាព្រះវិហារព្រះកែវមរកត និងមាន អក្សរ “មួយរយរៀល” នៅពីក្រោមនោះ។

ផ្នែកខាងស្តាំ ជ្រុងលើមានលេខ “100” បោះពុម្ពតាមបន្ទាត់បញ្ឈរ ចំកណ្តាលជារូបបដិមាព្រះកែមរកត និងនៅជ្រុងក្រោមមានលេខ “១០០”។

ផ្នែកខាងឆ្វេង ជ្រុងលើមានអក្សរ “ធនាគារជាតិនៃកម្ពុជា” អក្សរ “NATIONAL BANK OF CAMBODIA” និងលេខ “2014” នៅកណ្តាលមានរូបភាពព្រាលៗជារូបទេពប្រណម្យព្រមទាំងក្បាច់លំអពណ៌ប្រាក់ផ្គុំឡើងដោយលេខ “១០០” បញ្ច្រាស់គ្នា និងនៅជ្រុងក្រោមមានលេខ “១០០”។