ពណ៌​ផ្ទៃៈ ពណ៌ស្លាទុំ និងពណ៌ត្នោត
ផ្ទៃខាងមុខៈ ផ្នែកកណ្តាល ខាងស្តាំត្រូវបានរំលេចឡើងនូវ ព្រះឆាយាល័ក្ខណ៍មើលពីមុខ បញ្ឆិតចំហៀងខាងឆ្វេងនៃអតីតព្រះមហាក្សត្រ ព្រះបរមរតនកោដ្ឋ ខាងឆ្វេងមានលេខ “៥០០០០” នៅពីលើគេ បន្ទាប់មកគឺជាហត្ថលេខារបស់ទេសាភិបាលនិងអគ្គបេឡា ព្រមទាំង រូបជើងពានទ្រព្រះខ័នព័ទ្ធជុំវិញ ដោយកម្រងផ្កានិងក្បាច់ភ្ញីទេស និងនៅខាងក្រោមមានលេខ-មាលា ដែលបោះពុម្ពដោយទឹកខ្មៅពណ៌ខ្មៅ រូបចម្លាក់នាគក្បាល៧ ដែលយកគំរូតាមរូបចម្លាក់ថ្មនៅប្រាសាទបាលីលេយ្យជិតអង្គរធំ និងអក្សរ “ប្រាំម៉ឺនរៀល” ព្រមទាំងអក្សរ “អ្នកក្លែងក្រដាសប្រាក់នឹងត្រូវផ្តន្ទាទោសតាមច្បាប់” នៅគែមខាងក្រោមនោះ និងមានខ្សែសុវត្ថិភាពទំហំ ១,២ មម កាត់ទទឹងក្រដាសប្រាក់ពីលើដល់ក្រោម ។

ផ្នែកខាងស្តាំ ជ្រុងលើមានអក្សរ “ធនាគារជាតិនៃកម្ពុជា” ព្រមទាំងមានលេខ-មាលា ដែលត្រូវបានបោះពុម្ពដោយទឹកខ្មៅពណ៌ក្រហមនៅពីក្រោមនោះ និងជ្រុងខាងក្រោមមានលេខ “៥០០០០” និង “50000” នៅបន្តបន្ទាប់គ្នា ។

ផ្នែកខាងឆ្វេង មានលេខ “50000” ព្រាលៗ ដែលត្រូវបានបោះពុម្ពតាមបន្ទាត់បញ្ឈរ ព្រមទាំងមាននិមិត្តសញ្ញាពិសេសសម្រាប់ជនពិការភ្នែកនៅពីក្រោមនោះ និងនៅកៀនខាងឆ្វេងមាន Hologram ទំហំ ១០ មម ប្រកបដោយបច្ចេកវិទ្យាទំនើបនិងស្តង់ដារកម្រិតខ្ពស់ កាត់ទទឹងក្រដាសប្រាក់ ពីលើដល់ក្រោម ។
ផ្ទៃខាងខ្នងៈ ផ្នែកកណ្តាល ត្រូវបានរំលេចឡើងនូវរូបភាពប្រាសាទបាគងនៃក្រុមប្រាសាទរលួស ក្នុងខេត្តសៀមរាប និងមានអក្សរ “ប្រាំម៉ឺនរៀល” នៅពីក្រោមនោះ ។

ផ្នែកខាងស្តាំ មានរូបភាពកូនដំរីឈរទម្លាក់ប្រមោយចុះក្រោម ដែលយកគំរូតាមរូបចម្លាក់ថ្មនៅប្រាសាទកោះកេរ ក្នុងឃុំស្រយ៉ង់ ខេត្តព្រះវិហារ និងមានលេខ “៥០០០០” នៅពីក្រោមនោះ ព្រមទាំងលេខ “50000” ដែលត្រូវបានបោះពុម្ពតាមបន្ទាត់បញ្ឈរ នៅកៀនខាងស្តាំ ។

ផ្នែកខាងឆ្វេង ខាងលើមានអក្សរ “ធនាគារជាតិនៃកម្ពុជា” និង “NATIONAL BANK OF CAMBODIA” នៅបន្តបន្ទាប់គ្នា ព្រមទាំងលេខ “២០១៣” នៅពីក្រោមនោះ និងនៅជ្រុងខាងក្រោម មានលេខ “៥០០០០” ។